លោក ហ្សេលេនស្គី និយាយថា លោកអាចសង្គ្រោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿថាលោកអាចសង្គ្រោះទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន បន្ទាប់ពីមានភាពរកាំរកូសនៃកិច្ចប្រជុំរបស់ពួកគេនៅក្នុងការិយាល័យពងក្រពើ (Oval)។
លោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនព្រមប្រគល់ទឹកដីណាមួយឱ្យរុស្ស៊ីដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនោះទេ។ លោកបាននិយាយថា លោកនៅតែមានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ហើយបានពិពណ៌នាអំពីការពិភាក្សាកាលពីថ្ងៃអាទិត្យជាមួយមេដឹកនាំអឺរ៉ុបដើម្បីបញ្ជូនសេចក្តីព្រាងផែនការសន្តិភាពទៅសហរដ្ឋអាមេរិកជាការអភិវឌ្ឍដ៏សំខាន់មួយ។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយដែលត្រូវបានផ្សាយផ្ទាល់កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ បានចោទប្រកាន់លោក ហ្សេលេនស្គី ពីការមិនដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិក និងការមិនគោរពចំពោះប្រទេសរបស់លោក ព្រមទាំងប្រថុយប្រថានសម្រាប់សង្គ្រាមលោកលើកទី៣ ដែលធ្វើឱ្យមានការសង្ស័យចំពោះការគាំទ្រជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់អ៊ុយក្រែននៅក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំជាមួយរុស្ស៊ី។
លោក ហ្សេលេនស្គី បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានទីក្រុងឡុងដ៍ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអឺរ៉ុបនៅទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ ខណៈដែលលោកហាក់ដូចជាមានស្មារតីល្អ និងបានថ្លែងអំណរគុណដល់បណ្តាប្រទេសនៅអឺរ៉ុបសម្រាប់ការគាំទ្ររបស់ពួកគេ ដោយមេដឹកនាំអ៊ុយក្រែនរូបនេះមានភាពប្រយ័ត្នប្រយែងក្នុងការធ្វើឱ្យមានការខកចិត្តរបស់លោកជាមួយនឹងព្រឹត្តិការណ៍នៃកិច្ចប្រជុំនៅការិយាល័យពងក្រពើកាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយនឹងបំណងប្រាថ្នាច្បាស់លាស់ក្នុងការបន្តកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក ហ្សេលេនស្គី បាននិយាយថា លោកមិនគិតថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ជំនួយរបស់ខ្លួនដល់អ៊ុយក្រែននោះទេ ព្រោះក្នុងនាមជាមេដឹកនាំនៃពិភពស៊ីវិល័យ ពួកគេមិនចង់ជួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





