កូរ៉េខាងត្បូងប្រឈមនឹងការកើនឡើងនៃការព្រួយបារម្ភជុំវិញសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានជម្លោះរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- ការស្រែកប្រកែកដាក់គ្នាដែលមិនធ្លាប់មានពីមុនមករវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) នៅឯសេតវិមានដែលអ្នកវិភាគបានលើកឡើងជាការបង្ហាញពីទំនោររបស់មេដឹកនាំសហរដ្ឋអាមេរិកក្នុងការបោះបង់ចោលសម្ព័ន្ធមិត្ត នៅពេលដែលលោកយល់ថា ពួកគេលែងបម្រើឱ្យផលប្រយោជន៍អាម៉េរិក ហើយវាបានធ្វើឱ្យមានការព្រួយបារម្ភថា កូរ៉េខាងត្បូងប្រហែលជាមិនមែនជាករណីលើកលែងនោះទេ។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ជំនួបដ៏ចម្រូងចម្រាសរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍកញ្ចប់ឥទ្ធិពលការទូតដ៏ទូលំទូលាយដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ ពួកគេបានព្រមានថា នៅក្រោមការដឹកនាំរបស់លោក ត្រាំ សហរដ្ឋអាមេរិកកំពុងក្លាយជាសម្ព័ន្ធមិត្តដែលមិនអាចទាយទុកជាមុនបានកាន់តែខ្លាំងឡើងៗ។
ក្នុងអំឡុងពេលកិច្ចប្រជុំនៅមុខអ្នកសារព័ត៌មានដ៏តានតឹងមួយនៅឯសេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍មុននោះ លោក ត្រាំ និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វេនស៍ (JD Vance) បានចោទប្រកាន់លោក ហ្សេលេនស្គី ថាមិនដឹងគុណចំពោះជំនួយយោធារបស់សហរដ្ឋអាមេរិកក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ និងបដិសេធកិច្ចចរចាសន្តិភាពដែលបានស្នើឡើងរបស់ពួកគេ។
ការជជែកពិភាក្សាដ៏ក្តៅគគុករយៈពេល ១០នាទីនោះ បាននាំឱ្យមានការលុបចោលភ្លាមៗនៃកិច្ចព្រមព្រៀងរ៉ែដ៏កម្រដែលបានគ្រោងទុក និងសន្និសីទសារព័ត៌មានរួមគ្នា ដែលបង្ហាញពីការបែកបាក់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ។
លោក ឌូ ជីនហូ (Doo Jin-ho) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការវិភាគការពារជាតិ (KIDA) បាននិយាយថា «ការវិភាគនៃកិច្ចប្រជុំនោះបានបង្ហាញពីការប៉ះទង្គិចគ្នាជាមូលដ្ឋាននៃផលប្រយោជន៍។ គោលដៅរបស់លោក ត្រាំ គឺដើម្បីដាក់សម្ពាធទៅលើលោក ហ្សេលេនស្គី ឱ្យបញ្ចប់សង្រ្គាមឱ្យបានយ៉ាងឆាប់រហ័ស និងបញ្ឈប់ជំនួយរបស់សហរដ្ឋអាមេរិក ខណៈដែលលោក ហ្សេលេនស្គី ក៏ត្រូវស្វែងរកបញ្ហាប្រឈមផ្នែកនយោបាយនៅប្រទេសខ្លួនឯងផងដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





