លោក ចៃស្សាន់ការ ជួបពិភាក្សាជាមួយម្ចាស់ក្សត្រីយ៍ អាស្រ្ទីដ នៃប្រទេសប៊ែលហ្ស៊ិក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ(S. Jaishankar) បានជួបពិភាក្សាជាមួយម្ចាស់ក្សត្រីយ៍ អាស្រ្ទីដ (Astrid) នៃប្រទេសប៊ែលហ្សិកកាលពីថ្ងៃចន្ទ។ នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមអ៊ិច (X) រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានសរសេរថា «រីករាយណាស់ដែលបានជួបម្ចាស់ក្សត្រីយ៍ អាស្រ្ទីដ នៃប្រទេសប៊ែលហ្ស៊ិក ដែលដឹកនាំបេសកកម្មសេដ្ឋកិច្ចទៅកាន់ប្រទេសឥណ្ឌា។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ព្រះនាងម្ចាស់នឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងសម្រាប់ប្រទេសឥណ្ឌា - ប៊ែលហ្ស៊ិក និងភាពជាដៃគូឥណ្ឌា - សហភាពអឺរ៉ុប»។
ម្ចាស់ក្សត្រីយ៍ អាស្រ្ទីដ ដែលជាបុត្រីទីពីររបស់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ អាល់បឺតទី២ (Albert II) និងម្ចាស់ក្សត្រីយ៍ ប៉ៅឡា (Paola) និងត្រូវជាព្រះអនុជរបស់ព្រះអង្គម្ចាស់ ហ្វីលីព (Philippe) បានដឹកនាំបេសកកម្មសេដ្ឋកិច្ចរបស់ប្រទេសប៊ែលហ្ស៊ិក ក្នុងនាមជាអ្នកតំណាងរបស់ព្រះមហាក្សត្រ។ យោងតាមសេចក្តីថ្លែងការណ៍របស់របបរាជានិយមប៊ែលហ្ស៊ិក បានឱ្យដឹងថា បេសកកម្មនេះជាការរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប៊ែលហ្ស៊ិក និងតំបន់របស់ខ្លួន និងដៃគូបរទេសជាច្រើន។
ព្រះនាង គឺជាប្រធានកិត្តិយសរបស់មូលនិធិវេជ្ជសាស្រ្តម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត (QEMF) និងគាំទ្រដល់មូលនិធិវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្ររបស់ព្រះអង្គម្ចាស់ បូឌូអ៊ីន ។ ម្ចាស់ក្សត្រីយ៍ អាស្រ្ទីដ រក្សាទំនាក់ទំនងជាមួយពិភពវិទ្យាសាស្ត្រដើម្បីគាំទ្រការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តជាមូលដ្ឋានក្នុងវិស័យផ្សេងៗ ព្រមទាំងបានទៅទស្សនកិច្ចកន្លែងផ្សេងៗ និងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការបរទេស (MEA) បានឱ្យដឹងថា ម្ចាស់ក្សត្រីយ៍ អាស្រ្ទីដ នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ព្រះនាង និងបំពេញទស្សនកិច្ចនៅរដ្ឋមួយចំនួន ដែលរួមមានទាំងរដ្ឋអ៊ុតតាប្រាដេស រដ្ឋម៉ាហារ៉ាស្រ្តា និងរដ្ឋដេលី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





