ចុងសប្តាហ៍បើមិនដឹងទៅដើរលេងកន្លែងណា ទៅលេងរមណីយដ្ឋានទំនប់ស្ទឹងតាសាល ឬទំនប់ឥណ្ឌានៅជិតហើយមានទេសភាពស្រស់ស្អាត
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ទំនប់ស្ទឹងតាសាល ឬទំនប់ឥណ្ឌា មានចម្ងាយជាង៧៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ ដោយស្ថិតនៅភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ដើម្បីទៅដល់ទីនោះ យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤៤ ឆ្ពោះទៅទីរួមស្រុកឱរ៉ាល់ដល់រង្វង់មូលកន្ទួត ទៅត្រង់តាមផ្លូវលំចម្ងាយជាង១៥គីឡូម៉ែត្រ ដោយឆ្លងកាត់រមណីយដ្ឋានតេទឹកពុះ នឹងឃើញស្លាកបង្ហាញទំនប់ស្ទឹងតាសាល រួចបត់ឆ្វេងតាមផ្លូវកៅស៊ូចម្ងាយជាង៤គីឡូម៉ែត្រនឹងដល់តំបន់កម្សាន្តទេសភាពធម្មជាតិនេះ។

ទំនប់តាសាលជាតំបន់គោលដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍ ហើយក៏ជាទីកម្សាន្តមួយស្អាតប្លែកពីទីកម្សាន្តដទៃ មានព្រៃភ្នំហ៊ុំព័ទ្ធជុំវិញផ្ទៃបឹង អមទៅដោយដើមឈើងាប់នៅក្នុងបឹងឯណេះមួយ ឯណោះមួយ ឈរច្រូងច្រាងអើតចេញពីផ្ទៃទឹកបឹង ហាក់បីដូចជារង់ចាំភ្ញៀវទេសចរទាំងឡាយមកពីទីជិតឆ្ងាយ ឱ្យចូលទស្សនាកម្សាន្ត មិនថាជាលក្ខណៈ គូស្នេហ៍ ក្រុមការងារ ឬក្រុមគ្រួសារនោះទេ។

លើសពីនេះទៀត ភ្ញៀវទេសចរក៏អាចធ្វើដំណើរតាមដងគង្គាទៅទស្សនាកោះផ្សេងៗដែលរំលេចខ្លួននៅលើផ្ទៃទឹក ដោយក្នុងម្នាក់ត្រូវចំណាយថ្លៃទូកចំនួន៥០០០រៀល ដែលនៅទីនោះក៏មានបម្រើជូនសេវាកម្មស្នាក់នៅ និងម្ហូបអាហារផងដែរ ប៉ុន្តែបានតែក្នុងចំនួនមនុស្សតិចតួចតែប៉ុណ្ណោះ។

បន្ថែមលើសពីនេះ ភ្ញៀវទេសចរក៏អាចងូតទឹក ជិះទូកស្ទូចត្រីលេងកម្សាន្ត គយគន់ថ្ងៃលិច គេងក្នុងតង់មើលផ្កាយនាពេលយប់ ឬរៀបចំអាហារដោយខ្លួនឯងក៏បានដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានក្រុមសន្តិសុខភូមិចាំជួយការពារសុវត្ថិភាពភ្ញៀវគ្រប់ពេលវេលាផងដែរ៕

ដោយ លឹម សាន្ត





