ក្រសួងអប់រំគ្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា មានគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ ដើម្បីជាជំនួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សមស្របនឹងសីលធម៌នៃការប្រើប្រាស់ ជួយគាំទ្រដល់គ្រូបង្រៀន និងសិស្សានុសិស្សឱ្យប្រើប្រាស់ (AI) ដើម្បីបង្កើនគុណភាពអប់រំ ធ្វើឱ្យការរៀនសូត្រកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងមានប្រសិទ្ធភាព ជួយគាំទ្រដល់គ្រូបង្រៀនក្នុងការបង្កើតមាតិកាមេរៀន ដើម្បីធ្វើឱ្យមេរៀនងាយស្រួលយល់ និងចំណេញពេលវេលា ក្នុងគោលដៅឱ្យគ្រូបង្រៀនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាលគុណភាពបង្រៀនរបស់ខ្លួន។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីគម្រោងការខាងលើ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ណែនាំដល់គ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារពាក់ព័ន្ធឱ្យកំណត់លក្ខខណ្ឌ និងទិន្នន័យនៃការប្រើប្រាស់ (AI) ដោយអាចប្រើប្រាស់ក្នុងការវាស់ស្ទង់សមត្ថភាព និងវាយតម្លៃសមត្ថភាពសិស្សលើសពីពិន្ទុរបស់សិស្ស ដូចជាការកំណត់ចំណុចខ្លាំង និងចំណុចខ្សោយងាយស្រួលក្នុងការពង្រឹងចំណុចខ្វះខាតរបស់សិស្ស និងបានគាំទ្រនូវគំនិតផ្តួចផ្តើមនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំនេះ ព្រមទាំងបានលើកទឹកចិត្តឱ្យឧត្តមសិក្សាផ្សារភា្ជប់ជាមួយមធ្យមសិក្សា និងបឋមសិក្សាក្នុងការដាក់បញ្ចូលក្នុងកម្មវិធីអប់រំ កំណត់មុខជំនាញដែលមានសារៈសំខាន់ពាក់ព័ន្ធនឹង (AI) ដើម្បីឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសរៀបចំឱ្យមានការប្រកួតប្រជែងសម្រាប់គ្រូបង្រៀន និងសិស្សក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)នេះ សម្រាប់ការរៀន និងបង្រៀននៅកម្រិតឧត្តមសិក្សា និងមធ្យមសិក្សា ដើម្បីលើកទឹកចិត្ត និងគាំទ្រឱ្យមានការចូលរួមកាន់តែទូលំទូលាយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





