ក្រសួងប្រៃសណីយ៍រៀបចំវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្រៀននៅវិទ្យាល័យ១៨ទីតាំង ក្នុងខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពបង្រៀនបែបនវានុវត្តន៍ និងបង្រៀនបច្ចេកទេសគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាឌីជីថល ជូនទៅកាន់លោកគ្រូ អ្នកគ្រូបង្រៀនមូលដ្ឋានគ្រឹះបច្ចេកវិទ្យាឌីជីថលនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) សម្រាប់វិទ្យាល័យគោលដៅទាំង១៨ ក្នុងខេត្តតាកែវ ដោយសហការជាមួយវិទ្យាល័យស៊ីសុវត្ថិជំនាន់ថ្មី។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងជំរុញ និងលើកកម្ពស់សមត្ថភាព ការចាប់យកបច្ចេកវិទ្យាឌីជីថលតាមសហគមន៍ និងផ្ដល់បំណិនបង្រៀនមូលដ្ឋានគ្រឹះបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាព ស្របពេលដែលបច្ចេកវិទ្យាឌីជីថលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ វគ្គបណ្ដុះបណ្ដាលលើកទី១ រយៈពេល៨ថ្ងៃនេះ បានបណ្ដុះបណ្ដាលស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មូលដ្ឋានគ្រឹះកុំព្យូទ័រ ការយល់ដឹងអំពី Hardware និងសមាសធាតុ ការយល់ដឹងអំពី Software ការយល់ដឹង និងការប្រើប្រាស់ Google Doc ការយល់ដឹង និងការប្រើប្រាស់ Google Slide ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៣៧រូប។

សូមជម្រាបជូនថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បង្កើតឡើងដោយអនុលោមតាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





