ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ថ្លែងសុន្ទរកថា ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្តកំណើនមានគុណភាពរយៈពេលវែងក្នុងបរិការណ៍ដែលមានភាពមិនច្បាស់លាស់» នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ រាជធានីភ្នំពេញ ។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ធ្វើឡើងដោយផ្អែកលើសមិទ្ធផលនៃសន្និសីទកន្លងមក ហើយនឹងបន្តធ្វើជាវេទិកាសម្រាប់ការពិភាក្សាក្នុងន័យស្ថាបនា ក្នុងចំណោមថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំងនិងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាពសំខា ន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា។ សន្និសីទឆ្នាំនេះក៏ធ្វើការសម្រប សម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញខ្ពស់ផងដែរ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈម ចំពោះមុខ និងកាលានុវត្តភាព ក្នុងការជួយកម្ពុជាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ខ្ពស់ ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។
សន្និសីទនេះនឹងត្រូវបានរៀបចំឡើងជុំវិញវគ្គសំខាន់ៗចំនួនបី ដែលវគ្គនីមួយៗផ្តោតលើទិដ្ឋភាពសំខាន់ៗ ដែលរួមចំណែកដល់ការកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង របស់កម្ពុជា ដូចខាងក្រោមនេះ៖
វគ្គទី ១៖ ដំណើរការនៃការអភិវឌ្ឍ និងទស្សនវិស័យអភិវឌ្ឍន៍របស់កម្ពុជា វគ្គបើកកម្មវិធីនេះនឹងពិនិត្យឡើងវិញនូវសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងចក្ខុវិស័យរបស់ខ្លួនសម្រាប់ កំណើនប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ ការពិភាក្សានឹងត្រូវបានធ្វើឡើងជាមួយនឹងការធ្វើបទបង្ហាញពីការរកឃើញសំខាន់ៗពីការសិក្សារបស់វិទ្យាស្ថាន CDRI ស្តីពី «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា» ដែលវិភាគនិន្នាការកំណើននាពេលកន្លងមក និងបច្ចុប្បន្ន កំណត់កត្តាជំរុញ និងឧបសគ្គសំខាន់ៗ និងគូសបញ្ជាក់អំពីយុទ្ធសាស្ត្រចាំបាច់ដើម្បីសម្រេចបាននូវវិបុលភាពរយៈពេលវែង។ វគ្គនេះក៏នឹងទាញយកការយល់ដឹងដ៏មានតម្លៃ និងមេរៀនពីឧត្តមានុវត្តសកលនិងតំបន់ ដើម្បីជាព័ត៌មានក្នុងការពង្រឹងវិធីសាស្ត្រអភិវឌ្ឍន៍ របស់កម្ពុជា ដែលអាចឱ្យកម្ពុជាសម្របខ្លួន និងរីកចម្រើនបានក្នុងបរិបទពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស។
វគ្គទី ២៖ បញ្ហាប្រឈមរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់សម្រាប់កំណើនគុណភាពរយៈពេលវែង វគ្គនេះនឹងពិភាក្សាអំពីបញ្ហាប្រឈមរចនាសម្ព័ន្ធដែលរារាំងមហិច្ឆតាសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា និង លើកដំណោះស្រាយអំពីរបៀបវារៈកំណែទម្រង់បន្ទាន់ក្នុងការធ្វើកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ការអនុវត្តគោលនយោបាយ និងការសម្របសម្រួល ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ការលើកកម្ពស់បរិយាកាសភស្តុភារកម្ម និងធុរកិច្ច ក៏ដូចជាការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាឌីជីថល និងការប្រែប្រួល អាកាសធាតុ។ អ្នកជំនាញដែលមកពីវិស័យនិងមានបទពិសោធន៍ខុសៗគ្នានឹងពិភាក្សាអំពីជម្រើសគោលនយោបាយ និងមេរៀនសម្រាប់កំណែទម្រង់គោលនយោបាយ។ វគ្គនេះសង្កត់ធ្ងន់លើយុទ្ធសាស្ត្រកំណែ ទម្រង់ និងវិស័យដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា ការអប់រំ កសិកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងពិនិត្យពិច័យលើកំណែទម្រង់អភិបាលកិច្ច ការពង្រឹងស្ថាប័ន និងការចូលរួមពីវិស័យឯកជនក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។
វគ្គទី ៣៖ ការភ្ជាប់ចក្ខុវិស័យកំណើនថ្មីជាមួយនឹងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើទស្សនៈនិងយុទ្ធសាស្ត្រដែលបានកំណត់នៅក្នុងវគ្គមុនៗ វគ្គចុងក្រោយនេះនឹងផ្តោតលើការ ភ្ជាប់មហិច្ឆតាកំណើនទៅនឹងសកម្មភាពគោលនយោបាយ និងយុទ្ធសាស្ត្រជាក់លាក់សម្រាប់ការអនុវត្ត និង ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ កិច្ចពិភាក្សានេះនឹងសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ក្រសួង និងអង្គភាពសំខាន់ៗក្នុងការជំរុញកំណែទម្រង់ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការសម្របសម្រួលក្នុងការអនុវត្តកំណែទម្រង់ ទិន្នន័យទាន់ពេលវេលា និងការតាមដានវឌ្ឍនភាព និងផលប៉ះពាល់លើកំណែទម្រង់ និងផ្តោតលើភាពជាដៃគូរវាងរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងការជួយ រាជរដ្ឋាភិបាលក្នុងការធ្វើផែនការ ការបង្កើតគោលនយោបាយ និងការអនុវត្តគោលនយោបាយរបស់ខ្លួន៕
ដោយ៖ គង់ សិរីរ័ត្ន





