សម្តេចតេជោ ហ៊ុន សែន ចែករំលែកពីបទពិសោធនៃការតស៊ូអំណត់អត់ធ្មត់ក្នុងការចរចា ដើម្បីសេចក្តីសុខរបស់ជាតិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ — ជាមួយការប្រកាសពីការជាសះស្បើយពីជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចែករំលែកនូវបទពិសោធ នៃការចរចារកសន្តិភាពរបស់សម្តេចកាលពីអតីតកាល ដោយបានលើកឡើងពីការតស៊ូអំណត់អត់ធ្មត់ក្នុងការចរចា ដើម្បីសេចក្តីសុខរបស់ជាតិ។

ការចែករំលែកបទពិសោធដោយភ្ជាប់នឹងរូបថតអំឡុងពេលសម្តេចតេជោ ដឹកនាំការចរចានៅឆ្នាំ១៩៨៩ ដោយសម្តេចតេជោ បានហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព» ធ្វើឡើង ខណៈដែលថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ «ថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន ខ្ញុំជូនរូបថតពេលខ្ញុំចរចាឆ្នាំ១៩៨៩ ដែលខ្ញុំហៅថាវេចបាយស៊ីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំ តែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។ (អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់) នេះមេរៀនរបស់ខ្ញុំ»៕
ដោយ នីកា





