រដ្ឋបាលរាជធានីភ្នំពេញ៖ កម្ពុជាម្ចាស់ផ្ទះកីឡាប៉ាល់ទាត់មិត្ដភាពកម្ពុជា-ថៃនៃការទំនាក់ទំនងការទូត នៅថ្ងៃទី០៨ មីនា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥-- នៅសល់តែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នឹងឈានដល់ការចាប់ផ្តើមការប្រកួតហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមជាសហអធិបតីភាពពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំង២ ក្នុងការបើកការប្រកួតនេះ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍នេះចំនួន៤លើកហើយ ដោយកិច្ចប្រជុំលើកទី៤នេះ បានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍ថា កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះធ្វើឡើងដើម្បីឱ្យស្ថាប័នពាក់ព័ន្ធបានត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំង សម្រាប់អ្នកចូលរួមទស្សនា និងចំណតជាដើម ហើយចំពោះកិច្ចប្រជុំលើកទី៤នេះ ជាកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យការងារដែលនៅសេសសល់ថា តើយើងត្រូវធ្វើអ្វីទៀតបំពេញបន្ថែម ដើម្បីឈានទៅទទួលបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍នៃការប្រកួតនាថ្ងៃទី០៨ មីនា ឆ្នាំ២០២៥ខាងមុខនេះ។


ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការ ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួតគឺ៖ ទី១. ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងទី២. ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕
ដោយ សួស សំរិត





