ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសឋានន្តរសក្ដិជូនអង្គភាព និងបុគ្គលដែលមានស្នាដៃក្នុងការបំពេញបេសកកម្មអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥--
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ឋានន្តរសក្ដិជូនអង្គភាព និងបុគ្គលដែលមានស្នាដៃដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅលើពិភពលោក នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២ នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុជាតិ (PKO)។

ក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថលេខ២៧៨ កងវិស្វកម្មពហុជំនាញលេខ៨៣៦ កងកម្ទេចគ្រាប់មិនទាន់ផ្ទះលេខ៩៨-ទី២ ដែលមានសមត្ថភាពកលក្នុងការកសាងសមិទ្ធផលយ៉ាងច្រើនជូនកងយោធពលខេមរភូមិន្ទ បានរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក្នុងនោះកងរាជអាវុធហត្ថលេខ២៧៨ និងកងវិស្វកម្មពហុជំនាញលេខ៨៣៦ ដឹកនាំដោយមេបញ្ជាការជានារី។ ការណ៍នេះបានបង្ហាញថា ការចូលរួមរបស់ស្ត្រីក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារសំខាន់ណាស់ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកខិតខំប្រឹងប្រែងអនុវត្តតាមកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាព ក្នុងការបង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងកងទីបញ្ជាការ ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់គំរូវីរភាពរបស់ស្ត្រីកម្ពុជាចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ ដែលបច្ចុប្បន្នកម្ពុជាមានកងកម្លាំងស្ត្រីចំនួន២០.៨% បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន១០រួចមកហើយ និងបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាព ក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃនៅលើពិភពលោកដែលប្រជាជនកំពុងតែរងគ្រោះរងទុក្ខលំបាកដោយសង្គ្រាម។

ជាក់ស្តែង ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែលកម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើង បាន និងកំពុងប្រឈមជារៀងរាល់ថ្ងៃជាលក្ខណៈប្រពៃណីផង Traditional Security និងមិនប្រពៃណីផង Non-Traditional Security ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ ការប្រយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ការវាយប្រហារពួនស្ទាក់ គ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក៕
ដោយ សំ សាម៉ន





