របៀបដែលប្រជាជាតិទាំង១១ ហ្វឹកហាត់ដើម្បីសង្គ្រោះជីវិតនៅពេលមានអគ្គីភ័យ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- សេវាកម្មសារព័ត៌មាន MMA បាននិយាយកាលពីថ្ងៃអាទិត្យថា បណ្ឌិតសភាវេជ្ជសាស្ត្រយោធា (MMA) បានរៀបចំវេទិកាអន្តរជាតិមួយ ស្តីពីការបង្កើនប្រសិទ្ធភាពនៃការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តយោធា និងការពង្រឹងការត្រៀមខ្លួនប្រតិបត្តិការរបស់អង្គភាពវេជ្ជសាស្ត្រ។
ប្រទេសចំនួន១១ ដែលរួមមានប្រទេសប៊ុលហ្គារី សហរដ្ឋអាមេរិក អាមេនី បូស្នៀ និងហឺហ្សេហ្គោវីណា ហ្សកហ្ស៊ី ម៉ុលដូវី កូសូវ៉ូ ម៉ាសេដូនីខាងជើង ស្លូវេនី ក្រូអាត និងម៉ុងតេណេហ្គ្រោបានបង្ហាញជំនាញរបស់ពួកគេនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពិសោធវេជ្ជសាស្ត្រយោធា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យពេទ្យយោធាចែករំលែកបទពិសោធន៍ ពិភាក្សាអំពីការអនុវត្តល្អបំផុត និងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ។ លោកឧត្តមសេនីយ វេនស៊ីស្លេវ មូតាហ្វជីវស្គី (Ventsislav Mutafchiyski) ប្រធានបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធាបាននិយាយថា «យើងចាត់ទុកព្រឹត្តិការណ៍នេះថាជាសមិទ្ធិផលដ៏សំខាន់ ដែលបង្ហាញថា MMA មិនមែនគ្រាន់តែជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងបណ្តុះបណ្តាលយោធាផងដែរដែលត្រូវបានទទួលស្គាល់ក្នុងកម្រិតខ្ពស់បំផុត»។
វេទិកានេះផ្តោតសំខាន់ទៅលើកម្មវិធីបណ្តុះបណ្តាល ហើយចំណេះដឹង និងជំនាញដែលទទួលបានតាមរយៈការពិសោធន៏ទាំងនេះ ផ្តល់នូវបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបានដល់ពេទ្យយោធា ដោយបំពាក់ឱ្យពួកគេក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តក្នុងអំឡុងពេលប្រតិបត្តិការជាក់ស្តែងដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធ។
អ្នកចូលរួមបានបង្ហាញពីកម្មវិធីហ្វឹកហ្វឺនវេជ្ជសាស្ត្រយោធាទំនើបពីប្រទេសរៀងៗខ្លួន។ ព្រឹត្តិការណ៍នេះបានបញ្ចប់ក្នុងការធ្វើសមយុទ្ធ ដែលបង្ហាញពីជំនាញជាក់ស្តែងក្នុងបរិយាកាសប្រយុទ្ធក្លែងក្លាយ។
អ្នកតំណាងមកពីឆ្មាំជាតិ Tennessee និងកងទ័ពសហរដ្ឋអាមេរិកអឺរ៉ុបនិងអាហ្រ្វិកបានសរសើរចំពោះសមត្ថភាពរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនវេជ្ជសាស្ត្រយោធា និងកន្លែងបណ្តុះបណ្តាលដ៏ឆ្នើមរបស់ប៊ុលហ្គារី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





