វិបត្តិអសន្តិសុខនៅកូស្តារីកាបណ្តាលឱ្យមានឃាតកម្ម ១៤៦ករណីក្នុងរយៈពេល ២ខែ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- ការសម្លាប់មនុស្សបានកើនឡើងនៅក្នុងប្រទេសកូស្តារីកាដល់ទៅ ១៤៦នាក់ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ចំពេលដែលមានវិបត្តិអសន្តិសុខដ៏អាក្រក់បំផុតដែលប្រទេសនេះកំពុងជួបប្រទះក្នុងរយៈពេលដ៏យូរកន្លងមក។
កាសែត El Observador បាននិយាយបន្ថែមថា ភាគច្រើននៃអំពើឃាតកម្ម (៦៣ករណី) បានកើតឡើងដោយសារតែការសងសឹកក្នុងអំឡុងពេលព្រឹត្តិការណ៍ដែលទាក់ទងនឹងការជួញដូរគ្រឿងញៀន។ នេះបើយោងតាមរបាយការណ៍របស់អង្គការស៊ើបអង្កេតតុលាការ (OIJ) នៅថ្ងៃដំបូងនៃឆ្នាំនេះ។
យោងតាមប្រភពដដែលនោះបានឱ្យដឹងថា ឧក្រិដ្ឋកម្មចំនួន ៤ករណីត្រូវបានប្រព្រឹត្តឡើងក្នុងពេលឈ្លោះប្រកែកគ្នា ឬវាយតប់គ្នា ១១ករណីកើតឡើងក្នុងគ្រួសារ និង ៣ករណីទៀតជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មផ្សេងទៀត ដូចជាការវាយដំ និងអំពើឧក្រិដ្ឋកម្មផ្សេងៗដែលបញ្ចប់ដោយអំពើមនុស្សឃាត ខណៈដែលមូលហេតុនៃអំពើឃាតកម្ម ៦៤ករណីទៀតនៅមិនទាន់ត្រូវបានកំណត់នៅឡើយ។
មធ្យោបាយសម្លាប់មនុស្សញឹកញាប់បំផុតនោះ គឺការប្រើប្រាស់អាវុធដែលមានចំនួន ១១៤ករណី ខណៈដែលជនរងគ្រោះភាគច្រើនមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ២៩ឆ្នាំ ដោយមានអ្នកស្លាប់ចំនួន ៥៦នាក់។ យោងតាមអង្គការ OIJ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ គឺជាឆ្នាំដែលមានអំពើឃោរឃៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ ដោយមានឃាតកម្មចំនួន៩០៥ករណី ខណៈដែលក្នុងឆ្នាំ២០២៤ គឺជាឆ្នាំទីពីរដែលមានអំពើឃាតកម្ម៨៨០ករណី ហើយស្ថិតិសម្រាប់ឆ្នាំ២០២៥ នាំឱ្យមានការព្យាករណ៍ដ៏អាប់អួរដោយក្រុមអ្នកជំនាញ និងស្ថាប័នឯកទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





