កងទ័ពអ៊ីស្រាអែលដកទ័ពចេញពីទីតាំងចំនួនពីរនៅស៊ីរី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែមីនា បានដកខ្លួនចេញពីភូមិចាមឡា និងភូមិសៃស៊ូន ដែលមានទីតាំងនៅក្នុងតំបន់យ៉ាមូកបាស៊ីន ក្នុងខេត្តដេរ៉ា ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីដាម៉ាស់។
បណ្តាញសារព័ត៌មានក្នុងស្រុក «Deraa 24» បានរាយការណ៍ថាយោធាទីក្រុងតែលអាវីវ បានចាកចេញនៅតាមផ្លូវដដែលដែលពួកគេបានចូល បន្ទាប់ពីស្នាក់នៅអស់ជាច្រើនម៉ោង ដោយមិនមានការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយអ្នកស្រុកក្នុងអំឡុងពេលនៃការដកទ័ពនោះទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនោះបានឱ្យដឹងថា អ្នកភូមិម៉ារីយ៉ាហ៍បានរាយការណ៍ថា កងទាហានបានសម្រុកចូលភូមិរបស់ពួកគេ ដោយបានឆែកឆេរផ្ទះជាងដប់ខ្នង រឹបអូសអាវុធផ្ទាល់ខ្លួន និងចាប់ខ្លួនយុវជនម្នាក់ ដែលក្រោយមកត្រូវបានដោះលែងវិញ។
អ្នកស្រុកបានកត់សម្គាល់ថា កងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ម្តងហើយម្តងទៀតនៅក្នុងភូមិនៅពេលយប់ និងដោយគ្មានការព្រមានជាមុន។
កាលពីព្រឹកព្រលឹមថ្ងៃដដែលនោះ កងកម្លាំងបានវាយលុកភូមិអាល់-រ៉ាហ្វីដ នៅភាគខាងត្បូងទីក្រុងគូណេត្រា ហើយបន្ទាប់មកពួកគេបានដកខ្លួនចេញវិញបន្ទាប់ពីយោធា Zionist បានចូលរួមក្នុងការវាយតប់គ្នាយ៉ាងខ្លាំងជាមួយអ្នកភូមិ។
កាលពីថ្មីៗនេះ ប្រជាជនស៊ីរីរាប់ពាន់នាក់បានធ្វើការតវ៉ានៅក្នុងទីក្រុងមួយចំនួនរបស់ស៊ីរី ដើម្បីសម្តែងការថ្កោលទោសចំពោះការឈ្លានពានរបស់អ៊ីស្រាអែលម្តងហើយម្តងទៀត និងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ដែលនៅក្នុងនោះលោកបានគំរាមមិនអនុញ្ញាតឱ្យមានវត្តមានកងកម្លាំងស៊ីរី ឬក្រុមប្រដាប់អាវុធណាមួយនៅភាគខាងត្បូងទីក្រុងដាម៉ាស់ទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





