អ៊ីស្រាអែលបន្តការប្រយុទ្ធនៅទីក្រុងខាន់យូនីសក្នុងតំបន់ហ្គាហ្សាភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- កងកម្លាំងអ៊ីស្រាអែលបានបន្តការប្រយុទ្ធគ្នានៅក្នុងតំបន់នៃទីក្រុងខាន់យូនីស (Khan Yunis) នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប (Gaza Strip) ដោយបានបើកការវាយប្រហារជាបន្តបន្ទាប់ដោយកាំភ្លើងធំ និងរថក្រោះនៅជាយក្រុងអាបាសាន់ អាល់-កាប៊ីរ៉ា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ជាយក្រុងអាបាសាន់អាល់-កាប៊ីរ៉ា នៅភាគខាងកើតនៃទីក្រុងខាន់យូនីសត្រូវបានទទួលរងការវាយប្រហារដោយកាំភ្លើងធំ និងការបាញ់ផ្លោងចេញពីរថក្រោះអ៊ីស្រាអែល»។
ទូរទស្សន៍ Al Aqsa ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានរាយការណ៍ដោយដកស្រង់ពីក្រសួងសុខាភិបាលតំបន់ហ្គាហ្សាថាយ៉ាងហោចណាស់មនុស្ស ៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ខណៈដែលការប្រយុទ្ធគ្នាបានបន្ត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





