ឥណ្ឌូណេស៊ីនឹងកែសម្រួលគោលនយោបាយតម្លៃធ្យូងថ្ម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីនឹងអនុវត្តគោលនយោបាយថ្មី ស្តីពីការកំណត់តម្លៃនាំចេញធ្យូងថ្ម ចាប់ពីថ្ងៃទី០១ខែមីនា ដើម្បីពង្រឹងការគ្រប់គ្រងរបស់រដ្ឋទៅលើការលក់ធ្យូងថ្មអន្តរជាតិ។នេះបើយោងតាមក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី។
នៅក្រោមច្បាប់ថ្មីនេះ អ្នកនាំចេញធ្យូងថ្មឥណ្ឌូណេស៊ីទាំងអស់ត្រូវតែប្រើតម្លៃគោលអប្បបរមាដែលកំណត់ដោយរដ្ឋាភិបាលសម្រាប់ប្រតិបត្តិការរបស់ពួកគេ។ តម្លៃនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពពីរដងក្នុងមួយខែ គឺនៅថ្ងៃទី០១ និងថ្ងៃទី១៥ ហើយបើក្រុមហ៊ុនណាដែលមិនគោរពតាមអាចប្រឈមនឹងការផាកពិន័យ ឬត្រូវដកហូតអាជ្ញាប័ណ្ណនាំចេញតែម្តង។
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ីអនុវត្តតម្លៃគោលប្រចាំខែ (HCA) ជាចម្បងសម្រាប់ការគណនាពន្ធ។ កិច្ចសន្យារយៈពេលវែងអាចរក្សាតម្លៃដែលបានព្រមព្រៀងគ្នា ប៉ុន្តែរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការកែតម្រូវប្រសិនបើលក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានអនុញ្ញាត។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃ HCA ត្រូវបានកំណត់នៅចំនួន៣៤,៣៨ដុល្លារអាម៉េរិកក្នុងមួយតោនសម្រាប់ធ្យូងថ្មដែលមានកាឡូរីទាបនិង ១២៤,២៤ដុល្លារអាម៉េរិកសម្រាប់ធ្យូងថ្មដែលមានកាឡូរីខ្ពស់។ ទន្ទឹមនឹងនេះដែរ កាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO) ទាមទារនូវការលក់ធ្យូងថ្មទៅឱ្យរោងចក្រថាមពលក្នុងតម្លៃ ៧០ដុល្លារអាម៉េរិកក្នុងមួយតោន ហើយឧស្សាហកម្មដែលត្រូវបានជ្រើសរើសក្នុងតម្លៃ ៩០ដុល្លារអាម៉េរិក។
គោលនយោបាយនេះឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការជះឥទ្ធិពលលើតម្លៃធ្យូងថ្មសកលលោក ជាជាងគ្រាន់តែប្រតិកម្មទៅនឹងនិន្នាការទីផ្សារអន្តរជាតិ។ កាលពីក្នុងឆ្នាំ២០២៤ ប្រទេសនេះបានផលិតធ្យូងថ្មចំនួន ៨៣១,០៥លានតោន ជាមួយនឹងការនាំចេញចំនួន៤៣៤,១១លានតោន។
ប្រទេសវៀតណាមដែលជាប្រទេសនាំចូលធ្យូងថ្មដ៏សំខាន់របស់ឥណ្ឌូណេស៊ី បាននាំចូលក្នុងតម្លៃ ២,៤៩ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤។ ធ្យូងថ្មនៅតែជាការនាំចូលដ៏ធំបំផុតរបស់ប្រទេសវៀតណាមពីឥណ្ឌូណេស៊ី ដែលរួមចំណែកយ៉ាងសំខាន់ដល់ការនាំចូលសរុបពីប្រទេសនេះដែលមានចំនួន ៤,៣៤ពាន់លានដុល្លារអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





