ម៉ាឡេស៊ីដាក់ចេញគោលការណ៍ណែនាំនៃការបន្សាំបញ្ញាសិប្បនិម្មិតសម្រាប់វិស័យសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងឌីជីថលរបស់ប្រទេសម៉ាឡេស៊ីបានដាក់ឱ្យដំណើរការនូវគោលការណ៍ណែនាំនៃការបន្សាំបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យសាធារណៈ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយដើម្បីជួយដល់ទីភ្នាក់ងាររដ្ឋាភិបាលក្នុងការទទួលយក AIប្រកបដោយការទទួលខុសត្រូវ។
គោលការណ៍ណែនាំដែលមានចំនួន ១៥៨ទំព័រនេះ បានផ្តល់នូវទិដ្ឋភាពទូទៅនៃ AI គោលការណ៍សីលធម៌ តួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ ការគ្រប់គ្រងហានិភ័យ វិធីសាស្រ្តនៃការសម្របខ្លួន និងគំរូវាយតម្លៃដោយខ្លួនឯង ដើម្បីជួយកំណត់វិសាលភាព និងផលប៉ះពាល់នៃ AI នៅក្នុងវិស័យសាធារណៈ។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធនៃគោលការណ៍ណែនាំនេះកាលពីថ្ងៃទី២៧ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងឌីជីថល លោក ហ្គោប៊ីនដ៍ ស៊ីង ដេអូ (Gobind Singh Deo) បាននិយាយថា គោលការណ៍ណែនាំនេះដាក់មូលដ្ឋានគ្រឹះសម្រាប់ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌ក្នុងវិស័យសាធារណៈ ជាមួយនឹងគណនេយ្យភាព តម្លាភាពនិងយុត្តិធម៌ដែលជាគោលការណ៍ស្នូលរបស់វា។
លោកបាននិយាយថា បុគ្គលិករដ្ឋមិនត្រូវបានអនុញ្ញាតឱ្យ AI ក្លាយជា«ប្រអប់ខ្មៅ» ដែលធ្វើការសម្រេចចិត្តដោយគ្មានប្រព័ន្ធត្រួតពិនិត្យ និងសមតុល្យដ៏រឹងមាំនោះទេ។ ជាមួយគ្នានេះដែរ ពួកគេត្រូវតែបន្តសម្របខ្លួនទៅនឹងភាពជឿនលឿនរបស់ AI ការកសាងសមត្ថភាពកម្លាំងពលកម្ម និងធានាថា រាល់ការសម្រេចចិត្តដែលមានជំនួយពី AI តែងតែធ្វើឡើងដើម្បីផលប្រយោជន៍ល្អបំផុតរបស់មនុស្ស។
គោលការណ៍ណែនាំនេះត្រូវបានបង្កើតឡើងដោយនាយកដ្ឋានឌីជីថលជាតិ (JDN) ដោយសហការជាមួយសាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (MDEC)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





