នាយករដ្ឋមន្ត្រីថៃសន្យាជំរុញកំណើនសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានគូសបញ្ជាក់នូវអ្វីដែលលោកស្រីគិតថាកំពុងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសថៃហើយបានសន្យាថារដ្ឋបាលរបស់លោកស្រីនឹងពន្លឿនការពង្រីកសេដ្ឋកិច្ច។
នៅក្នុងកម្មវិធី «Empowering Thais» ប្រចាំសប្តាហ៍នៅព្រឹកថ្ងៃទី០២ខែមីនា លោកស្រីនាយករដ្ឋមន្ត្រីបាននិយាយថា ផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងត្រឹមតែ២,៥% កាលពីឆ្នាំមុន ដោយសារតែខ្លួនមិនបានវិនិយោគច្រើននៅក្នុងឧស្សាហកម្មថ្មីៗ និងមិនបានរៀបចំប្រជាជនសម្រាប់ឧស្សាហកម្មនាពេលអនាគតក្នុងទសវត្សរ៍កន្លងមក។
លោកស្រីក៏បានជំរុញឱ្យវិស័យឯកជនជួយដល់រដ្ឋាភិបាលដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ លោកស្រី ផែថុងថាន បាននិយាយថាធនាគារពាណិជ្ជគួរតែអនុម័តប្រាក់កម្ចី ដូច្នេះសហគ្រាសធុនតូច និងមធ្យមអាចបង្កើនការវិនិយោគរបស់ពួកគេ។
មេដឹកនាំរូបនេះបាននិយាយថា ឧបសគ្គថវិកាក៏ជាមូលហេតុនៃកំណើនGDP យឺតផងដែរ ដោយសារតែថវិកាជាតិភាគច្រើនត្រូវបានចំណាយទៅលើការចំណាយថេររបស់រដ្ឋាភិបាល។
លោកស្រីបាននិយាយបន្តថា រដ្ឋាភិបាលកំពុងព្យាយាមរក្សាការទូទាត់ថេរ រក្សាថវិកាដែលនៅសល់សម្រាប់ការវិនិយោគ និងទាក់ទាញការវិនិយោគពីបរទេស។
លោកស្រីនាយករដ្ឋមន្ត្រីបាននិយាយថា កាលពីឆ្នាំមុន វិនិយោគិនបរទេសបានវិនិយោគទឹកប្រាក់ចំនួន ១,១៣ពាន់ពាន់លានបាត (៣៣ពាន់លានដុល្លារអាម៉េរិក) នៅក្នុងគម្រោងមួយចំនួនក្នុងប្រទេសថៃដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ហើយនៅក្នុងឆ្នាំនេះក្រុមហ៊ុន Google ក្រុមហ៊ុន TikTok និងក្រុមហ៊ុន Nvidia នឹងបណ្តាក់ទុននៅក្នុងប្រទេសនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VN





