ម៉ាឡេស៊ីនៅតែជាគោលដៅកំពូលសម្រាប់វិនិយោគិនអឺរ៉ុប និងអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានជាតិបឺណាម៉ា (Bernama) របស់ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាប្រទេសម៉ាឡេស៊ីនៅតែជាគោលដៅកំពូលសម្រាប់វិនិយោគិនអឺរ៉ុប និងអាម៉េរិក បើទោះបីជាប្រទេសនេះបានចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍(BRICS) ក្នុងនាមជាប្រទេសដៃគូក៏ដោយ ។
ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) បានចេញការឆ្លើយតបជាលាយលក្ខណ៍អក្សរដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សភាដោយបានជូនដំណឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងដែលមានសក្តានុពលសរុបចំនួន៥៦ ដែលមានការប្តេជ្ញាចិត្តក្នុងការវិនិយោគទឹកប្រាក់ប្រមាណជិត ២០ពាន់លានរីងហ្គីត (៤,៤ពាន់លានដុល្លារអាម៉េរិក) ត្រូវបានកំណត់អត្តសញ្ញាណ ហើយត្រូវបានកំណត់ឱ្យអនុវត្តនៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួន ដូចជាក្រុមហ៊ុន Intel ក្រុមហ៊ុន Amazon Web Servicesក្រុមហ៊ុន Oracle ក្រុមហ៊ុន Google និងក្រុមហ៊ុន Plexus បានបន្តប្តេជ្ញាចិត្តក្នុងការវិនិយោគ ឬបង្កើនការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ីដោយធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅចម្បងមួយសម្រាប់ក្រុមហ៊ុនរបស់អាម៉េរិកជាង ៦០០ក្រុមហ៊ុន។
យោងតាមក្រសួងនោះ បានឱ្យដឹងថា ការចូលរួមរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងក្រុមប្រទេសប្រ៊ីកស៍ ក៏ជាការបើកចំហរទីផ្សារឱ្យកាន់តែទូលំទូលាយ ជាពិសេសជាមួយបណ្តាប្រទេសដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ាឡេស៊ី ដូចជាប្រទេសរុស្ស៊ី ប្រេស៊ីលអាហ្រ្វិកខាងត្បូង និងឥណ្ឌាជាដើម។
នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបបានកើនឡើងដល់ ៣២៥ពាន់លានរីងហ្គីត (៧៨ពាន់លានដុល្លារអាម៉េរិក) និង ២៦៣ពាន់លានរីងហ្គីត(៥៨,៩ពាន់លានដុល្លារអាម៉េរិក) ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកើនឡើង ៣០% និង ៤% រៀងៗគ្នា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





