បុណ្យរ៉ាម៉ាដាន់ចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- ខែដ៏ពិសិដ្ឋនៃពិធីបុណ្យរ៉ាម៉ាដាន់នៅក្នុងឆ្នាំនេះក្នុងប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសកាន់សាសនាឥស្លាមធំជាងគេនៅលើពិភពលោក ដែលមានប្រជាជនម៉ូស្លីមប្រមាណ២៤១លាននាក់ ស្មើនឹង ៨៨% នៃចំនួនប្រជាជនសរុបនោះ បានចាប់ផ្តើមហើយកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។
ពេញមួយខែដ៏ពិសិដ្ឋនេះ ប្រជាជនម៉ូស្លីមត្រូវលះបង់ពេលវេលាដើម្បីឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅ និងការអធិស្ឋាន។ ពួកគេត្រូវតមអាហារ និងភេសជ្ជៈចាប់ពីពេលថ្ងៃរះដល់ថ្ងៃលិច ខណៈដែលផ្តោតសំខាន់ទៅលើអំពើល្អ និងពង្រឹងជំនឿរបស់ពួកគេ។
ពិធីបុណ្យរ៉ាម៉ាដាន់ក៏ជាពេលវេលាមួយសម្រាប់សាមគ្គីភាពសហគមន៍ និងការរួបរួមគ្នានៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។ ក្រុមគ្រួសារ និងអ្នកជិតខាងប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋានពិសេសដែលគេស្គាល់ថាជា Taraweeh និងការចែករំលែកអាហារ iftar ។
ក្នុងការរៀបចំសម្រាប់ខែដ៏ពិសិដ្ឋនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានដឹកនាំក្រសួងមួយចំនួន ដូចជាក្រសួងសម្របសម្រួលអាហារ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ក៏ដូចជាទីភ្នាក់ងារពាក់ព័ន្ធផ្សេងៗទៀតដើម្បីធានាឱ្យមានការផ្គត់ផ្គង់អាហារសំខាន់ៗ និងទប់ស្កាត់ការឡើងថ្លៃ។ កិច្ចខិតខំប្រឹងប្រែងទាំងនោះកំពុងដំណើរការដើម្បីរក្សាស្ថិរភាពតម្លៃម្ហូបអាហារពេញមួយខែនៃពិធីបុណ្យរ៉ាម៉ាដាន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





