ឯកឧត្តម ហ៊ែល តូនី ចុះធ្វើអធិការកិច្ចបង្គោលព្រំតំបន់៣ ដែនព្រៃលិចទឹក ក្នុងភូមិសាស្ត្រ ស្រុកជីក្រែង ខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប បានបន្តចុះអធិការកិច្ចបង្គោលព្រំដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ត ឃុំល្វែងឫស្សី ស្ពានត្នោត អន្លង់សំណរ ជីក្រែង គោកធ្លកក្រោម សង្វើយ និង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប លោកអភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរដ្ឋបាលស្រុក តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន តំណាងការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ប្រជាការពារពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរបស់ស្រុកជីក្រែង។ នេះតាមការឱ្យដឹងពីអាជ្ញាធរទន្លេសាបនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសក្នុងអធិការកិច្ចនេះដែរ ឯកឧត្តមប្រធានក្រុមការងារ ហ៊ែល តូនី បានពាំនាំជម្រាបជូនពីគោលនយោបាយ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ ថែរក្សាដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ព្រមទាំងបានណែនាំដល់អាជ្ញាធរដែនដីចូលរួមទប់ស្កាត់ការបន្តចូលអាស្រ័យផលដីតំបន់៣ ការរុករានទន្ទ្រានព្រៃលិចទឹក និងពង្រឹងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត មានដូចជាអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងបង្គោល កំណត់ព្រំដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តស្រុកជីក្រែង គ្របដណ្តប់លើឃុំចំនួន ៨ មានបង្គោលសរុបចំនួន ៨០បង្គោល ចាប់ពីចំណុចបង្គោលលេខ២២០ ដល់២៩៩(លេខបណ្តោះអាសន្ន) បានពិនិត្យឃើញថា បានបោះចប់១០០ភាគរយ និងមានសភាពល្អសមស្របតាមចំណុចនិយាមកាដែលក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាបបានកំណត់។ តែនៅក្នុងភូមិសាស្រ្តឃុំមួយចំនួន ប្រជាពលរដ្ឋ សហគមន៍ និងម្ចាស់កសិដ្ឋានស្រែប្រាំងនៅតែបន្តចូលអាស្រ័យផលលើដីតំបន់៣ និងមានការជីកអាងទឹក ជីកស្តារប្រឡាយទឹកក្នុងតំបន់ក្នុងតំបន់២ និងតំបន់៣៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





