នាយឧត្តមសេនីយ៍ សឹង សំណាង៖ តម្លៃស្ត្រីខ្មែរ និងសិទ្ធិនារីកម្ពុជាមានតាំងពីយូរលង់ណាស់មកហើយនៅក្នុងសង្គមខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស បានថ្លែងថា តម្លៃស្ត្រីខ្មែរ និងសិទ្ធិនារីកម្ពុជាមានតាំងពីយូរលង់ណាស់មកហើយនៅក្នុងសង្គមខ្មៃរ មិនមែនទើបតែមាននាពេលនេះនោះទេ។ ការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ដូចនេះ ក្នុងឱកាសដែលបញ្ជាការដ្ឋានកងទ័ពជើងអាកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៣ ខែមីនា ក្រោមប្រធានបទ៖ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ស្ត្រីកម្ពុជា និងយោធិននារីក្នុងកងយោធពលខេមរភូមិន្ទបានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងអភិវឌ្ឍ និងការពារប្រទេសជាតិ ដែលទទួលបានមកនូវសន្តិភាព គឺជាការលះបង់ដោយស្មោះស្ម័គ្របម្រើជាតិ គោរព និងជឿជាក់អនុវត្តតាមរាជរដ្ឋាភិបាលស្របច្បាប់ និងបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ដែលជាវត្ថុបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងនោះក៏មានយោធិននារី កងទ័ពជើងអាកាសចំនួន ២១៣នាក់បានចូលរួមចំណែកផងដែរ។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ផ្តល់តម្លៃដល់សិទ្ធិស្ត្រីទូទាំងប្រទេសទទួលបានការចូលរួមធ្វើពិធីអបអរសាទរទិវាអន្តរជាតិនារី០៨មីនា ដែលស្ត្រីនៅក្នុងពិភពលោកទាមទារបាននូវសិទ្ធិរបស់ខ្លួនឱ្យមានភាពស្មើគ្នាជាមួយនឹងបុរស ដោយក្នុងពេលបច្ចុប្បន្ននេះនៅកម្ពុជា តែងតែលើកកម្ពស់ឆន្ទៈ និងស្មារតីចូលរួមរបស់ស្ត្រី ក្មេងស្រី និងកុមារ គាំទ្រ និងលើកទឹកចិត្តរាល់ទិវាអន្តរជាតិនារី ០៨មីនាជារៀងរាល់ឆ្នាំ ដោយបានលើកយកប្រធានបទ បញ្ជាក់អំពីសិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបមកអនុវត្តដើម្បីជំរុញឱ្យមានការលើកកម្ពស់នូវសមត្ថភាព ឋានៈ តួនាទី ជីវភាព ស្របទៅនឹងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងនូវការដឹងគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ពិសេសស្ត្រីជាម្តាយ ប្រពន្ធ និងបងប្អូនស្រី ដែលបានលះបង់កូនចៅ ប្តីសី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឱ្យចូលបម្រើក្នុងជួរកងទ័ពដើម្បីការពារជាតិមាតុភូមិ និងបានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន និងយុទ្ធនារី ត្រូវពួតដៃគ្នារវាងបុរស និងស្ត្រី ក្នុងការការពារយ៉ាងមុតមាំនូវសន្តិភាពឱ្យបានស្ថិតស្ថេរ គង់វង្សជារៀងរហូត ការពារស្ថិរភាពសង្គម ប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបំផ្លិចបំផ្លាញនូវសន្តិភាពទោះក្នុងរូបភាពណាក៏ដោយ ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន៕
ដោយ៖ ចាន់ សុភឿន





