ក្រុមហ៊ុន ផលិតស្រោមដៃ និងឧបករណ៍បរិក្ខាពេទ្យធំមួយរបស់ចិន បោះទុនប្រមាណ ២៧៣លានដុល្លារក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង
AKPភ្នំពេញថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៥៖
ក្រុមហ៊ុន ផលិតស្រោមដៃ និងឧបករណ៍បរិក្ខាពេទ្យ ធំមួយរបស់ចិន បោះទុនប្រមាណ ២៧៣លានដុល្លារ វិនិយោគសាងសង់រោងចក្រលើផ្ទៃដី ទំហំ ២១ ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្ររបស់ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលមានមុខសញ្ញាវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង ក្នុងទំហំទុនវិនិយោគ ប្រមាណ ២៧៣ លានដុល្លារអាមេរិក លេីផ្ទៃដី ទំហំ ២១ ហិកតា។

ក្រុមហ៊ុន នេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោកស្រី Liu Wenjing ។ ផលិតផលស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក, រីឯ ឧបករណ៍ ពិនិត្យ បេះដូងជាប់ចំណាត់ថ្នាក់លេខ ៤ ទូទាំងពិភពលោក និងជាប់លេខ ២ នៅក្នុងប្រទេសចិន។
នាឱកាសនេះ ឯកឧត្តម អគ្គលេខាធិការ បានជម្រាបជូន វិនិយោគិន និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ អំពីភាពជោគជ័យ របស់តំបន់សេដ្ឋកិច្ចពិសេស មកដល់សព្វថ្ងៃនេះ គឺកេីតចេញក្រោមគំនិតផ្តួចផ្តេីមប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលតែងតែ យកចិត្តទុកដាក់ ខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រេីនូវអភិក្រមចំនួន៣ រួមមានៈ កាត់បន្ថយពេលវេលា, កាត់បន្ថយ ចំណាយ និងកាត់បន្ថយឋានានុក្រម លេីប្រតិបត្តិការវិនិយោគ និងនីតិវិធីផ្សេងៗ។ បន្ថែមពីនេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់នូវអភិក្រមចំនួន ៣ គឺ ការទាក់ម៉ូយ ទាក់ទាញវិនិយោគិន, ការថែទាំវិនិយោគិន និងការជំរុញដេីម្បីឱ្យវិនិយោគិនបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។

ជារួម សមិទ្ធផល វឌ្ឍនភាព នៃការរីកចម្រេីននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ កេីតចេញពីការចង្អុលបង្ហាញ ការណែនាំដ៏ប៉ិនប្រសប់ របស់សម្តេចទាំងពីរ។ ជាការឆ្លេីយតបមន្ត្រីតំណាងក្រសួងស្ថាប័ននិងអាជ្ញាធរទាំងអស់ដែលបំពេញការងារប្រចាំការនៅតាមតំបន់ បានប្តេជ្ញា យ៉ាងម៉ុតមាំថា នឹងបន្តខិតខំអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញស្របតាមអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ។

ឆ្លៀតឱកាស នេះដែរ ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការ វិនិយោគ កម្ពុជា បានអញ្ជេីញចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រស៊ាំង អ៉ិនធេីណេសិនណាល , តំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វ៊ូ និងតំបន់សេដ្ឋកិច្ចពិសេស ហ័្វរស៊ុន ហ្គីហ្គា ដេីម្បីពិនិត្យមេីលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់ផងដែរ។
ការកេីនឡេីងនៃចំនួន គម្រោងវិនិយោគ ជាបន្តបន្ទាប់ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសបាននិងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់៕
ដោយ៖ ចរិយា ប្រភព៖ CDC





