រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» ឱ្យមានការវិនិយោគ មានទេសចរ ទើបមានការរស់នៅនិងការអភិវឌ្ឍដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «យើងរួមគ្នា កែច្នៃដុំពេជ្រ ដែលជាភាពស្អាត ភាពបៃតង ដើម្បីបង្កើនការទាក់ទាញឱ្យមានការវិនិយោគ និងអ្នកទេសចរ មកកាន់ប្រទេសកម្ពុជាច្រើន ដែលនាំឱ្យផ្ទះយើង ការរស់នៅរបស់ប្រជាពលរដ្ឋស្អាត បរិស្ថាន សង្គម ស្អាត មានគម្របបៃតង ដែលនាំឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិមានចីរភាព។»

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន បែបនេះ បានធ្វើឡើងនៅក្នុងឱកាសចូលរួមជាអធិបតីភាព បើកពិធីបុណ្យ «កោងកាងសន្តិភាព» នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃព្រៃកោងកាង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់បរិស្ថាន និងសង្គម ដូចជាធនធានធម្មជាតិដែលការពារឆ្នេរ ពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ជាប្រភពស្បៀង និងចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋន្រ្តី បានមានប្រសាសន៍បន្ថែមថា យើងត្រូវរៀបចំផ្ទះយើងស្អាត និងបង្កើនគម្របបៃតងសម្រាប់កម្ពុជា ដោយចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយ និងការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ក៏ដូចជាពង្រឹងវិធានការគ្រប់គ្រងធនធានធម្មជាតិ រួមទាំងបង្កើនការបណ្តុះ ចែកកូនឈើ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ ដើម្បីប្រែក្លាយសកម្មភាពទាំងអស់នេះទៅជាមានការទម្លាប់ស្អាត និងស្រឡាញ់ថែទាំភាពបៃតងនៅកម្ពុជាតរហូតទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងផងដែរថា សក្តានុពលកោះស្រឡៅ នៅក្នុងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង នឹងផ្តល់ការងារ និងផ្គត់ផ្គង់ផលនេសាទ ដល់ប្រជាសហគមន៍យ៉ាងសំខាន់ ប៉ុន្តែយើងចាំបាច់ធ្វើការរៀបចំផែនការច្បាស់លាស់ ដើម្បីធានាបានភាពសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ ដើម្បីការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កុំឱ្យបរិស្ថានកម្ពុជាមានការបំពុល កុំឱ្យមានប្លាស្ទិកអណ្តែតក្នុងទឹក ដោយនាំគ្នាសម្អាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹត្រូវ ប្រើសំរាមទាញយកចំណូល ដូចជារៀបចំជាធនាគារប្លាស្ទិក ដើម្បីប្រមូលទុកនិងលក់ប្លាស្ទិក បង្កើនចំណូលជួយសហគមន៍ជួយគ្រួសារប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន កំពុងសិក្សាលើការបំពាក់ឡដុតសំរាម ដើរដោយថាមពលព្រះអាទិត្យ នៅតាមសហគមន៍ ដើម្បីដោះស្រាយបញ្ហាសំរាម សំណល់ប្លាស្ទិកនៅពេលខាងមុខ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំណូមពរដល់ប្រជាពលរដ្ឋ កុំដុតប្លាស្ទិកនៅតាមទីចំហ ដែលអាចបង្កជាបញ្ហាបរិស្ថាន ប៉ះពាល់អាយុជីវិត មុនុស្ស សត្វ ជាពិសេសត្រី និងធម្មជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន បានបណ្តុះកូនឈើ និងបានចែកជូនប្រជាពលរដ្ឋ តាមរយៈមន្ទីរបរិស្ថានទូទាំងប្រទេស បានចំនួន ១លាន៣សែនដើម ដែលនេះបង្ហាញពីការចូលរួមជាទឹកចិត្តអ្នកបរិស្ថានពិតប្រាកដ។
ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាសង់ថ្នាលបណ្តុះកូនឈើចំនួន៥កន្លែង បន្ថែមទៀត ដែលទៅថ្ងៃខាងមុខ អាចបណ្តុះកូនឈើបានចំនួន១០លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំតាមមូលដ្ឋាន ដាំស្តារព្រៃបង្កើនគម្របបៃតង។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការបណ្តុះកូនឈើដោយខ្លួនឯង គឺមានន័យថាយើងបានជួយខ្លួនឯង កែប្រែផ្នត់គំនិត ដើម្បីបំពេញភាពស្អាត មានគម្របបៃតង គឹបង្កើតឱ្យប្រទេសយើងស្អាត បៃតង និងចីរភាពតទៅ។
សូមបញ្ជាក់ថាក្រសួងបរិស្ថាន បានរៀបចំពិធីបុណ្យកោងកាងសន្តិភាពឆ្នាំនេះ ដោយមានការសហការពីរដ្ឋបាលខេត្តកោះកុង យុវជនអ្នស្រឡាញ់បរិស្ថាន អង្គការមេត្តាធម្មជាតិ និងប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង និងបានដាំកូនដើមកោងកាងចំនួន៥ពាន់ដើម លើផ្ទៃដី ចំនួន៣ហិកតា ដើម្បីជាផ្នែកមួយការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ក្នុងតំបន់ឆ្នេររបស់ប្រទេសកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិកោះស្រឡៅ ឱ្យមានភាពស្អាត បៃតង ដែលនាំមកនូវការរស់នៅដោយចីរភាពរបស់ប្រជាសហគមន៍នៅទីនោះ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ក្រសួងបរិស្ថាន





