មេបញ្ជាការតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនកងកម្លាំង
AKP កំពង់ធំ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនិងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនជូនដល់កម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិសភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានសន្តិសុខ ស្ថេរភាពនយោបាយល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព បណ្ដាការិយាល័យជំនាញ និងនាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចតាមផែនការដែលថ្នាក់លើបានប្រគល់ជូនទទួលបាន ជោគជ័យគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាពនិងស្ថាប័នចំណុះព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវប្រុងប្រៀបកម្លាំង និងមធ្យោបាយគ្រឿងបំពាក់គ្រប់គ្រាន់ដើម្បីចល័តអន្តរាគមន៍ តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ឱ្យទាន់ពេលវេលា។ដោយឡែកកងកម្លាំងដែលមានភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវតែបន្តសកម្មភាពឱ្យបានជាប់ជាប្រចាំនិងមានប្រសិទ្ធភាពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោពលខេមរភូមិន្ទនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងបន្តការបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញដោយគ្មានការដកថយឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





