ឯកឧត្តម នួន ផារ័ត្ននិងលោកជំទាវ អញ្ជើញចូលរួមខួបលើកទី១១៤ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ"សិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប"
AKPភ្នំពេញថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងលោកជំទាវបានសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងឱកាសអបអរសាទរខួបលើកទី១១៤នៃទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ"សិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប"នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

បន្ទាប់ពីលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានឡើងអានប្រវត្តិទិវាអន្តរជាតិនារី០៨មីនា ជូនអង្គពិធីរួចមកឯកឧត្តម នួន ផារ័ត្នបានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌និងបរិយាបន្នដែលនៅក្នុងនោះស្ត្រីគឺជាស្នូលតាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័របង្ក លក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពី ផែនការគ្រួសារកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រលើស្ត្រី និងក្មេងស្រី។ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី។ការធ្វើបរិវត្តកម្មផ្នត់គំនិត យេនឌ័រ និងការពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។ ពង្រឹងភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីតាមរយៈកម្មវិធីនិងយុទ្ធសាស្ត្រអាទិភាពរួមមាន÷លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ អនុវត្តរបៀបវារៈនិងផែនការសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យនិងកន្លែងដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។ ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថលសហគ្រិនភាពការអភិវឌ្ឍជំនាញសេដ្ឋកិច្ចគិតគូរពីសុខុមាលភាពអភិវឌ្ឍបៃតងការប្រែប្រួលអាកាសធាតុព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ប្រកបដោយបរិយាបន្ន។

ជាមួយគ្នានោះដែរឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើនិងសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ការងារបញ្ជៀបយេនឌ័រ ដែលបានកំណត់នៅ ក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង៦ធំៗរួមមាន÷១.ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី។២.ការលើកកម្ពស់សីលធ៌មសង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ។៣.ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី។៤.កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី។៥.ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចនិង៦.ស្ត្រីនិងការប្រែប្រួសអាកាសធាតុ៕

ដោយ៖ ស៊ុំ វណ្ណា





