អបអរសាទរទិវាសត្វព្រៃពិភពលោក អង្គការ Fauna & Flora កំពុងអភិរក្សសត្វក្ងោក តំបន់ជួរភ្នំក្រវាញ និងឧទ្យានជាតិវីរៈជ័យ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ -- ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៣ ខែមីនា អង្គការ Fauna & Flora តែងតែរួមគ្នាអបអរសាទរសត្វព្រៃ និងរុក្ខជាតិដ៏៏សំបូរបែបនៅលើភពផែនដីរបស់យើង ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង។

ក្នុងឆ្នាំ២០២៥នេះ អង្គការ Fauna & Flora មកស្វែងយល់បន្ថែមអំពីសត្វក្ងោកទាំងអស់គ្នា។ ក្ងោកមានរបាយធម្មជាតិរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយវាងាយត្រូវបានកត់សម្គាល់ដោយសាររោមពណ៌បៃតង និងពណ៌ខៀវដ៏គួរឱ្យទាក់ទាញរបស់វា។ វាជាសត្វស្លាបមានទំហំធំ ដោយសត្វឈ្មោលអាចមានកម្ពស់រហូតដល់០៣ម៉ែត្រ។ ក្ងោកស៊ីផ្លែឈើ សត្វឥតឆ្អឹងកង និងសត្វល្មូនតូចៗជាអាហារ។ វាត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជ។
អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora សហការជាមួយដៃគូពាក់ព័ន្ធ បាន និងកំពុងធ្វើការនៅតំបន់ជួរភ្នំក្រវាញ និងឧទ្យានជាតិវីរៈជ័យ ក្នុងការអភិរក្ស និងការពារជម្រកធម្មជាតិសំខាន់ៗ និងសត្វព្រៃដែលរស់នៅក្នុងតំបន់ទាំងនេះ ក្នុងគោលបំណងធានាបាននូវអនាគតប្រកបដោយនិរន្តភាពសម្រាប់ប្រភេទសត្វដ៏មានតម្លៃទាំងនេះ៕
ដោយ ណយ នឿន (ប្រភព៖ Fauna & Flora)





