ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin 2025 នៅរដ្ឋធានីប៊ែរឡាំង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍មួយក្រុមអញ្ជើញទៅចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិពិភពលោក International Tourismus Borse (ITB Berlin) ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin រដ្ឋធានីប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីបណ្តារដ្ឋមន្រ្តីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសជាង៥០ ព្រមទាំងអ្នកលក់ប្រមាណ ៥,៦០០នាក់ និងអ្នកទិញប្រមាណ ១,៣០០នាក់ អ្នកសារព័ត៌មាន និងអ្នកផលិមាតិកា ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ ១០០,០០០នាក់ ដែលមកពីជាង១៩០ ប្រទេសជុំវិញពិភពលោក។

ការចូលរួមពិព័រណ៍ខាងលើ ក្រសួងទេសចរណ៍កម្ពុជាបានរៀបចំជាពន្លាធំ រួមទាំងការសម្ដែងសិល្បៈប្រពៃណី ក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង” ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនកម្ពុជា ជាមួយទីផ្សារអាល្លឺម៉ង់ និងអន្តរជាតិផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





