រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកសាងស្ពានបេតុងថ្មី២កន្លែង និងផ្លូវ២ខ្សែ ឆ្ពោះទៅកាន់រមណីយដ្ឋានទេសចរណ៍លើភ្នំគីរីរម្យ នឹងដាក់ឱ្យដំណើរការមុនចូលឆ្នាំប្រពៃណីខ្មែរ
AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥-- លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺបានស្ថាបនាកសាងស្ពានថ្មី២កន្លែង និងចាក់បេតុងតាមបណ្តោយផ្លូវជាតិ៤៦ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ឧទ្យានជាតិគីរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ស្ពានទី១ប្រវែង៣១ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១៤+១០០ ភូមិសាស្ត្រស្ពានអូរកសេះ និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គីឡូម៉ែត្រ២២+៥០០ ស្ថិតក្នុងភូមិសាស្ត្រ ស្ពានអូរតាសេក និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានចំនួន២កន្លែងនេះដោយក្រាលកៅស៊ូDBSTប្រវែងសរុបចំនួន២០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងចិញ្ចើមដីល្បាយថ្ម ទទឹង០,៥ម៉ែត្រសងខាង លើកំណាត់ផ្លូវជាតិលេខ៤៦ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ស្ពាន និងផ្លូវនេះស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំប្រពឺណីជាតិខ្មែរនៅពេលខាងមុខឆាប់ៗនេះ។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នៅក្នុងឃុំចំបក់មានប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារគឺជាកសិករ ហើយក៏មានរមណីយដ្ឋានពីរកន្លែងមានឧទ្យានជាតិគីរីរម្យ និងទឹកធ្លាក់ចំបក់គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលបាន និងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ដូច្នេះលោករំពឹងថាការស្ថាបនាស្ពានពីរកន្លែងនៅលើផ្លូវជាតិលេខ៤៦នេះ នឹងបម្រើដល់វិស័យដឹកជញ្ជូនកសិកម្មរបស់ពលរដ្ឋទៅកាន់ទីផ្សារ និងសម្រួលដល់ដំណើរភ្ញៀវទេសចរមកកាន់រមណីយដ្ឋាននេះបានយ៉ាងល្អប្រសើរ មួយវិញទៀតក៏បង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់បងប្អូន និងសិស្សានុសិស្សបានទៅកាន់មន្ទីរពេទ្យ និងទៅសាលារៀនបានយ៉ាងឆាប់រហ័សផងដែរ៕



ដោយ លឹម សាន្ត





