ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះសួរសុខទុកគ្រួសារអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុកគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសមាគមអតីតយុទ្ធកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំខេត្ត លោក លោកស្រី និងអាជ្ញាធរស្រុកផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានការស្ញប់ស្ញែង និងកោតសរសើរ ខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មានភាពប្រសើរមួយកម្រិតនោះ។ ខ្ញុំពិតជារីករាយពេលឃើញបងប្អូនប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពបែបនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អូន និងគ្រួសារអតីតយុទ្ធជនមានជីវភាពរស់នៅរបស់បងប្អូនដែលជួបការលំបាកដោយប្រការរផ្សេងៗ បើទោះបីបងប្អូនរងភាពពិការព្រោះតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ និងកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យអស់ពីលទ្ធភាព និងជំរុញកូនចៅឱ្យចូលរៀនឱ្យបានខ្ពស់ ដើម្បីអនាគតពួកគាត់មានភាពរុងរឿង មានចំណេះដឹង និងសមត្ថភាពពេញលេញ និងងាយស្រួលរកការងារធ្វើ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងមន្ត្រីអមដំណើរ បានចែកវត្ថុអនុស្សាវរីយ៍ និងស្បៀងអាហារមួយចំនួន ជូនដល់អតីតយុទ្ធជន ដែលបានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ៕
ដោយ បៃ ស៊ីថុន





