ឯកឧត្ដម ឡាំ ជា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអនុញ្ញាតឱ្យឯកឧត្តម សាហារុឌីន អូន (Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ក្នុងឱកាសនោះ ឯកឧត្តម សាហារុឌីន អូន បានថ្លែងអំណរគុណ និងសម្ដែងក្ដីសោមន្សរីករាយចំពោះ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានអនុញ្ញាត និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ឯកឧត្ដម និងគណៈប្រតិភូទាំងអស់ ក្នុងការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្រ្ដី និងឯកឧត្តមឯកអគ្គរាជទូត បានចែករំលែកបទពិសោធន៍ការងារទៅវិញទៅមកពាក់ព័ន្ធកិច្ចការព្រំដែនជាមួយប្រទេសជិតខាង ដោយសារឯកឧត្តមឯកអគ្គរាជទូតក៏ធ្លាប់ទទួលបន្ទុកកិច្ចការព្រំដែនកន្លងមកដែរនៅក្នុងក្រសួងការបរទេសម៉ាឡេស៊ី និងបានគូសបញ្ជាក់អំពីការបន្ដពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការដ៏ល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងការកោតសរសើរចំពោះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម រដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងទទួលបន្ទុកក្នុងការដឹកនាំស្ថាប័នដែលមានបេសកកម្ម និងភារកិច្ចដ៏សំខាន់ពាក់ព័ន្ធនឹងអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានជូនពរឯកឧត្តម ឯកអគ្គរាជទូត និងគណៈប្រតិភូទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀតនាពេលខាងមុខ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





