ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សាទរចំពោះសមិទ្ធផលសំខាន់ៗក្នុងវិស័យការងារ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះសមិទ្ធផលសំខាន់ៗក្នុងវិស័យការងារជាអាទិ៍ ការលើកកម្ពស់លក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ការពង្រឹងយន្តការអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និងក្រុមអធិការកិច្ចអន្តរក្រសួង ការពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ ការពង្រឹងយន្តការគ្រប់គ្រងហត្ថពលកម្មបរទេស និងពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារជាដើម។ ការសាទររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការទាំងអស់ខាងលើនេះមានសារៈសំខាន់ និងចាំបាច់ក្នុងការធានាថាសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជកត្រូវបានការពារ ព្រមទាំងធានាបានបរិយាកាសការងារ និងការវិនិយោគប្រកបដោយភាពជឿជាក់។ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះដំណើរវិវត្តជាវិជ្ជមាន ដោយកម្មវិធីនេះបានជួយបណ្តុះបណ្តាលយុវជនកម្ពុជាជាច្រើនរូបឱ្យទទួលបានជំនាញសម្រាប់តម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស ជាពិសេសជាការត្រៀមទាក់ទាញការវិនិយោគ និងជំនាញនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាស្ពានចម្លងក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែងទាំងក្នុង និងក្រៅប្រព័ន្ធ និងមិនផ្លូវការអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត មានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចឱ្យយុវជនកម្ពុជាបន្តការសិក្សាបាន ព្រមទាំងអាចបំពេញការងារបានក្នុងពេលតែមួយដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យបានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តយកចិត្តទុកដាក់លើការបង្កើនលទ្ធភាពទទួលបាននូវការបណ្តុះបណ្តាលប្រកបដោយបរិយាបន្ន និងសមធម៌ ការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាលដោយបញ្ចូលបំណិនសតវត្សទី២១ អក្ខរកម្មឌីជីថល បច្ចេកវិទ្យាបៃតង និងសហគ្រិនភាព ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលដោយមានកិច្ចសហការជាមួយវិស័យឯកជន ការលើកកម្ពស់នវានុវត្តន៍វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន និងរៀនជាដើម។ ជាមួយគ្នានេះ ក្រសួងត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការផ្សព្វផ្សាយពីគុណតម្លៃនៃការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





