ឧត្តមសេនីយ៍ទោ សេង ធារិន នាំអំណោយ សម្តេចមហាបវរធិបតី ជូនសាលាពលទាហានទី៥
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា យោធាចារ្យ និង គ្រូគ្រប់គ្រង នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥។

លោកឧត្ដមសេនីយ៍ត្រី ឌុច ដួន នាយកសាលាពលទាហានទី៥ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





