សង្កាត់ព្រែកស្តី ក្រុងសំពៅពូន បិទផ្សាយជូនប្រជាពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី
AKP កណ្ដាល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ភូមិចំនួន០៤ គឺភូមិព្រែកប៉ុក ភូមិអន្លង់សាន ភូមិកោះចាស់ និងភូមិព្រែកស្តី សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ស្មើនឹង២,៥៤៥ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់រកពីភាពត្រឹមត្រូវពិតប្រាកដ បើសិនជាខុឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត ប្រភេទទ្រព្យ ទំហំដី ត្រូវរាយការណ៍មកមន្ត្រីដែលនៅប្រចាំការក្នុងរយៈពេល១៥ថ្ងៃ បងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវ និងឆាប់បានចេញបណ្ណកម្មសិទ្ធជូន។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ហើយបងប្អូនដែលជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន០៤ភូមិ ក្នុងសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ដែលមានចំនួន ២ ៥៤៥ក្បាលដី នាពេលនេះ ជាការបិទផ្សាយលើកទី១៦ សម្រាប់ក្រុងសំពៅពូន និងជាលើកទី២៦៨ សម្រាប់ខេត្តកណ្តាលរបស់យើងទាំងមូល។ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំវ័យក្មេងប្រកបដោយថាមពលមាន ទេពកោសល្យ និងបន្តនាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិត ប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាដើម។ល។ ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវប្តេជ្ញាធ្វើយ៉ាងណា ថែរក្សាសន្តិភាព ដែលរកមកបានដោយលំបាកនេះឱ្យនៅស្ថិតស្ថេរគង់វង្ស ជូនប្រជាពលរដ្ឋ ទុកជូនកូនចៅរបស់យើងឱ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។

តាមរបាយការណ៍របស់លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្រុងសំពៅពូនបានបិទផ្សាយរួចមកដល់ពេលនេះចំនួន១៦លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន០៤ភូមិ គឺភូមិព្រែកប៉ុក ភូមិអន្លង់សាន្ត ភូមិកោះចាស់ និងភូមិព្រែកស្តី សង្កាត់ព្រែកស្តី មានចំនួន ២ ៥៤៥ក្បាលដី ក្នុងនោះបានចែកបណ្ណរួចចំនួន១៥លើក សរុបបានចំនួន ១៣ ២៦៤បណ្ណ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





