មន្រ្តីជំនាញក្រសួងកសិកម្មចុះពិនិត្យ និងជំរុញការអនុវត្តគម្រោងជលផល ផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅខេត្តកែប
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យ និងជំរុញការអនុវត្តគម្រោងជលផល ផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នាខេត្តកែប។

ក្នុងដំណើរបេសសកម្មដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការបានជួបប្រជុំសំណេះសំណាលជាមួយសហគមន៍នេសាទភូមិថ្មី និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង SCMF ដែលរាយការណ៍ដោយនាយកអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត រួមមាន៖ ការសាងសង់អគារការិយាល័យខណ្ឌរដ្ឋបាលជលផលកែប ការដាក់ពង្រាយប្រអប់បេតុងជាជម្រកត្រីសិប្បនិម្មិតការពារស្មៅសមុទ្រ ផ្កាថ្ម និងប្រភេទវារីសត្វងាយរងគ្រោះ (ជ្រូកទឹក ផ្សោតសមុទ្រជាដើម) ការគាំទ្រស្ថានីយភ្ញាស់ដើម្បីបង្កើនផលស្តុកក្តាមសេះ ការការពារ និងស្តារព្រៃកោងកាង និងពង្រឹងសមត្ថភាពសហគមន៍នេសាទ ក្នុងការចូលរួមគ្រប់គ្រងធនធានជលផល។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តន៍គម្រោង SCMF ក្នុងខេត្តកែប និងការខិតខំប្រឹងប្រែងរបស់សហគមន៍នេសាទភូមិថ្មី ដែលបានចូលរួមយ៉ាងសកម្ម ទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល និងផ្តល់អនុសាសន៍លើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែង បង្កើនកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធ និងពន្លឿនសកម្មភាពអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានចូលរួមទម្លាក់ដុំបេតុងចូលទៅសមុទ្រ ដើម្បីដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត និងបាននាំយក "ម៉ាស៊ីនផលិតទឹកសាប" ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ប្រគល់ជូនក្រុមការងារអង្គការ MCC និងនគរបាលព្រំដែនទឹកនៅលើកោះអាចម៍សេះ ដើម្បីប្រើប្រាស់រួមគ្នា៕


ដោយ៖ ដេប៉ូ





