វគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅឃុំស្រឡៅ
AKP កំពង់ធំ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយគម្រោង QSA នាព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ បានបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីមន្ទីរកិច្ចការនារីខេត្ត លោកស្រី អ៊ឹម សុខវីន អភិបាលរងស្រុកតាំងគោក មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុមប្រឹក្សាឃុំស្រឡៅ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋសរុបចំនួន១០០នាក់ (ស្រី៦៤នាក់)នៅវត្តឧទម្ពរ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកស្រី អ៊ឹម សុខវីន អភិបាលរងស្រុកតាំងគោក បានមានប្រសាសន៍ថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។

លោកស្រី ស៊ិន ស៊ីផាន បានលើកឡើងថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចការសិក្សារៀនសូត្រមិនបានវែងឆ្ងាយពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនឹងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការពង្រឹងចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។ ក្នុងនោះដែរលោកស្រីប្រធានមន្ទីរ ក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ៕

ដោយ ស៊ុម វណ្ណា





