រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កោតសរសើរដល់សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន និងសមាគមដទៃទៀត ដែលបានខិតខំចូលរួមពង្រឹងគុណភាព និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានថ្លែងការកោតសរសើរដល់សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន និងសមាគមអ្នកសារព័ត៌មានដទៃទៀត ដែលបានខិតខំចូលរួមពង្រឹងគុណភាព និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មានឱ្យមានសមត្ថភាពក្នុងការបំពេញកិច្ចការងារបានល្អប្រសើរជាងមុន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួន និងសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ ការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION) និងសហការី ចូលជួបសម្តែងការគួរសមនិងទទួលនូវអនុសាសន៍ណែនាំតម្រង់ទិសដៅការងារអនុវត្តន៍បន្តរបស់សមាគមដើម្បីអនុវត្តន៍ការងារនាពេលបន្តទៅមុខទៀត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានធ្វើការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីកុំឱ្យបង្ករភាពរញ៉េររញ៉ៃ សំដៅពង្រឹងសមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន ការរៀបចំសន្តិសុខព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា កិច្ចការងារសន្តិសុខព័ត៌មានត្រូវបានពង្រឹងដោយត្រូវធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបាន ឬធ្វើយ៉ាងណាកុំឱ្យពលរដ្ឋ មានការភាន់ច្រឡំអំពីព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុល។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ចៀសវាងចំពោះការផ្សាយព័ត៌មានទាំងឡាយណា ដែលមិនច្បាស់លាស់ ដែលអាចនាំឱ្យបង្កជាចលាចលសង្គម ហើយនៅពេលចុះទៅបំពេញ បេសកកម្មការងារយកព័ត៌មានត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ប្រភពច្បាស់លាស់សម្រាប់ការផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្រ្ដា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងក្របខ័ណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានដាក់ចេញផែនការ សម្រាប់ធ្វើកិច្ចការងារក្នុងក្របខ័ណ្ឌជួយដល់បងប្អូនសារព័ត៌មានតាម រយៈការបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អ អាចដំណើរការផ្សាយទៅមុខ បន្តទៀតត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទព័ត៌មាន និងល្បឿននៃព័ត៌មានឱ្យលឿន ហើយមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានបានឱ្យដឹងថា សមាគមបានបង្កើតឡើងជិត៣ឆ្នាំមកហើយ ដោយការរួបរួម និងឯកភាពគ្នា រវាងអង្គភាពសាព័ត៌មានគេហទំព័រ និងទូរទស្សន៍អនឡាញជាច្រើនអង្គភាព ។ លោកបន្ដថា ក្រៅពីការបំពេញភារកិច្ចជាស្ថាប័នសារព័ត៌មានវិជ្ជាជីវៈ សមាគមក៏បានធ្វើសកម្មភាពការងារមនុស្សធម៌ និងមានកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសារព័ត៌មាននៅក្នុងប្រទេសថៃផងដែរ៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





