ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅក្នុងបរិវេណសាលាដំបូងខេត្តតាកែវ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួសលោកស្រី ពេជ ម៉ារ៉ែន ដែលត្រូវផ្លាស់ប្ដូរភារកិច្ចទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុងស្រុក និងមន្ត្រីរាជការសាលាដំបូងខេត្តតាកែវចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរចំពោះឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ដែលត្រូវបានតែងតាំង និងចូលកាន់មុខតំណែង ជាប្រធានសាលាដំបូងខេត្តតាកែវ ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីតុលាការខេត្តតាកែវទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការធានា និងថែរក្សានូវសុវត្ថិភាពសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយមានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អ ជាមួយអាជ្ញាធរអនុវត្តច្បាប់នានា ជាពិសេសការចូលរួមយ៉ាងសកម្ម នូវយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតុលាការ រហូតសម្រេចបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍បន្តថា កន្លងមកសាលាដំបូងខេត្តតាកែវ បានដោះស្រាយ និងជម្រះក្ដីបានច្រើនជាងគេនៅទូទាំងប្រទេស ពោលគឺទទួលបានជ័យលាភីលេខ១។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

ជាមួយគ្នានេះដែរ ឯកឧត្តម កើត រិទ្ធ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែស ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សច្ចភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដើម្បីធ្វើយ៉ាងណាឱ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ៕


ដោយ អ៊ុច សៀង





