គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង និងរុស្ស៊ីយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើង បានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃគណបក្ស United Russia ដែលកំពុងកាន់អំណាចរបស់ប្រទេសរុស្ស៊ី និងបានចុះហត្ថលេខាលើពិធីសារមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា លោក រី ហ៊ីយ៉ុង (Ri Hi-yong) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ និងលោក វ្លាឌីមៀ យ៉ាគូសេវ (Vladimir Yakushev) អគ្គលេខាបក្សរុស្ស៊ី បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារនៅទីក្រុងមូស្គូ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីវិធានការដើម្បីពង្រីកការផ្លាស់ប្តូរដែលសមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ក៏ដូចជាវិធីដើម្បីបង្កើនសកម្មភាពរួម។
ទីភ្នាក់ងារ KCNA បាននិយាយថា បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារមួយស្តីពី «ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងការអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ» សម្រាប់ឆ្នាំ២០២៥-២០២៧។
ទីភ្នាក់ងារ KCNA បានរាយការណ៍មុននេះថា លោក រី បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដោយដឹកនាំគណៈប្រតិភូមកពីគណបក្សរបស់លោក តាមការអញ្ជើញរបស់គណបក្សកាន់អំណាចរបស់ប្រទេសរុស្ស៊ី។
ចាប់តាំងពីការបង្កើតសន្ធិសញ្ញាការពារជាតិទៅវិញទៅមកកាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ សេដ្ឋកិច្ច កីឡា និងវិស័យផ្សេងៗទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





