រដ្ឋមន្ដ្រីការបរទេសកៀហ្ស៊ីស៊ីស្ថាន និងតួកមេនីស្ថាន ចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- សេវាសារព័ត៌មានរបស់ក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន បាននិយាយថា រដ្ឋមន្ត្រីការបរទេសកៀហ្ស៊ីស៊ីស្ថាន លោក ចេបេក គូលូប៊េវ (Jeenbek Kulubaev) បានជួបជាមួយសមភាគីតួកមេនីស្ថាន លោក រ៉ាស៊ីដ មេរេដូវ (Rashid Meredov) នៅទីក្រុងប៊ីសកេក ជាកន្លែងដែលលោក មេរេដូវ បានដឹកនាំគណៈប្រតិភូតួកមេនីស្ថានដើម្បីធ្វើកិច្ចពិភាក្សានយោបាយទ្វេភាគីកៀហ្ស៊ីស៊ីស្ថាន-តួកមេនីស្ថាន។
រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន និងតួកមិននីស្ថាន សម្រាប់ឆ្នាំ២០២៥-២០២៦។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការកៀហ្ស៊ីស៊ីស្ថាន-តួកមេនីស្ថាន ក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ការដឹកជញ្ជូន និងភស្តុភារ ថាមពល និងវិស័យសំខាន់ៗផ្សេងទៀត ព្រមទាំងទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។
ការយកចិត្តទុកដាក់ជាពិសេសត្រូវបានផ្តល់ទៅឱ្យការរៀបចំ និងការប្រារព្ធព្រឹត្តិការណ៍ទ្វេភាគីកម្រិតកំពូលនាពេលខាងមុខ ដោយការពង្រឹងក្របខ័ណ្ឌច្បាប់ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





