ប្រទេសឡាវព្រមានពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- អាជ្ញាធរប្រទេសឡាវបានប្រកាសខេត្តសាយសំប៊ូននៅភាគកណ្តាលជាតំបន់ក្រហម បន្ទាប់ពីរកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅទីនោះ។
យោងតាមវិទ្យុជាតិឡាវបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានអះអាងពីវត្តមានរបស់ជំងឺ ASF នៅភូមិវ៉ាងហៃ ស្រុកថាំធំ ខេត្តសាយសំប៊ូន កាលពីថ្ងៃទី១៩ ខែកុម្ភៈ។
ជាការឆ្លើយតប មន្ត្រីជំនាញបានហាមឃាត់ការកែច្នៃ និងលក់សាច់ជ្រូកដែលមានមេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
ជំងឺ ASF បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មជ្រូក និងជីវភាពរស់នៅរបស់ប្រជាជនឡាវ។ អាជ្ញាធរកំពុងអំពាវនាវឱ្យមានការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ និងលុបបំបាត់ការផ្ទុះឡើងនេះ រួមទាំងការឃ្លាំមើលឱ្យកាន់តែខ្ពស់នៅក្នុងភូមិមួយចំនួននៅទូទាំងខេត្តសាយសំប៊ូន និងខេត្តបូលីខាំសាយ។
ដើម្បីកាត់បន្ថយការខាតបង់ អាជ្ញាធរនឹងធ្វើការត្រួតពិនិត្យ និងប្រមូលសំណាកយកទៅវិភាគ។ កសិករត្រូវបានជំរុញឱ្យពង្រឹងវិធានការជីវសុវត្ថិភាព និងអនុវត្តតាមការរឹតបន្តឹងនានាដើម្បីជួយគ្រប់គ្រងការរីករាលដាល។
ជំងឺ ASF មិនអាចចម្លងពីសត្វទៅមនុស្សបានទេ ប៉ុន្តែវាគ្រោះថ្នាក់ខ្លាំងដល់សត្វជ្រូក និងសត្វជ្រូកព្រៃ ដោយមានអត្រាស្លាប់ជិត ១០០%។ មេរោគនេះអាចរស់បានរហូតដល់ ៣ឆ្នាំក្នុងសាច់ក្លាសេ និងរហូតដល់មួយឆ្នាំក្នុងសាច់ស្ងួត ដែលទាមទារឱ្យមានសីតុណ្ហភាពខ្ពស់ទើបអាចសម្លាប់វាបាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





