ប្រទេសថៃពង្រឹងការបង្ក្រាបការជួញដូរបារីអេឡិចត្រូនិច
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានបញ្ជាឱ្យមន្ត្រីបង្កើនការបង្រ្កាបបារីអេឡិចត្រូនិច និងធ្វើវិសោធនកម្មច្បាប់ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្ម ចំពេលដែើមានវិបត្តិនៃការជក់បារីអេឡិចត្រូនិចរបស់យុវវ័យ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងស៊ុប (Jirayu Huangsub) បាននិយាយថា បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការសង្ខេបអំពីការប្រើប្រាស់បារីអេឡិចត្រូនិចនៅទូទាំងប្រទេស និងផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើយុវជន។
ចំណាត់ការនេះក៏ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណជនជុំវិញករណីក្មេងស្រីសិស្សសាលាបុរីរ៉ាំចំនួន ៣នាក់ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលមួយសប្តាហ៍ដោយសារមានជំងឺសួតធ្ងន់ធ្ងរបណ្ដាលមកពីការជក់បារីអេឡិចត្រូនិច។
លោក ជីរ៉ាយុ បាននិយាយថា ផលប៉ះពាល់អវិជ្ជមាននៃការជក់បារីអេឡិចត្រូនិចលើកុមារ និងការកើនឡើងនៃផលិតផលប្រដាប់ក្មេងលេងថោកៗដែលអាចរកបានយ៉ាងងាយស្រួលនៅក្នុងតូបលក់ដូរក្បែរសាលារៀនបានបង្ហាញថា បារីអេឡិចត្រូនិចបានរីករាលដាលក្នុងចំណោមយុវវ័យ ហើយភាពមិនល្អប្រសើររបស់ប៉ូលិសក្នុងការគ្រប់គ្រងផលិតផលទាំងនោះ។
លោកបាននិយាយបន្ថែមថា នៅពេលមុននេះ លោកស្រីនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការបង្ក្រាបការនាំចូល និងលក់ផលិតផលខុសច្បាប់ ប៉ុន្តែមិនមានប្រសិទ្ធភាព ហើយបញ្ហាកាន់តែកើនឡើង។
យោងតាមអ្នកនាំពាក្យរូបនោះ បានឱ្យដឹងថា លោកស្រី ផែថុងថាន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនការបង្ក្រាប ពង្រីកការចាប់ខ្លួន និងធ្វើការដោះស្រាយរយៈពេលវែងប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





