ក្រសួងនានាព្រមព្រៀងពង្រឹងការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងពាណិជ្ជកម្ម និងក្រសួងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី បានព្រមព្រៀងសហការគ្នាក្នុងកិច្ចខិតខំប្រឹងប្រែង (SOEs) ដើម្បីបង្កើត និងផ្តល់អំណាចដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែលត្រៀមរួចជាស្រេចក្នុងការនាំចេញនាពេលខាងមុខ។
ការរួមបញ្ចូលគ្នានេះត្រូវបានកត់សម្គាល់ដោយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីពេលថ្មីៗនេះដោយក្រសួងទាំងពីរ។ MoU នេះគ្របដណ្តប់ទៅលើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក ការបង្កើនសមត្ថភាពធនធានមនុស្ស និងការបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទាន។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ឌីយ៉ាហ៍ រ៉ូរ៉ូ អេសទី (Dyah Roro Esti) បាននិយាយថា MoU នេះគឺជាជំហានយុទ្ធសាស្ត្ររបស់ក្រសួងទាំងពីរក្នុងការជំរុញភាពស៊ីសង្វាក់គ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ MSMEs។ លើសពីនេះទៀត វាមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃផលិតផលឥណ្ឌូណេស៊ី និងពង្រីកលទ្ធភាពរបស់ពួកគេទៅកាន់ទីផ្សារក្នុងស្រុក និងពិភពលោក។
លោកស្រីបាននិយាយថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងទាំងពីរនឹងផ្តោតសំខាន់ទៅលើការប្រើប្រាស់ធនធានរួមទាំងអស់ ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិ ដោយលោកស្រីបាននិយាយបន្ថែមថា សហគ្រាសធុនតូច និងមធ្យម ដែលរួមចំណែក ៦១% ដល់ផលិតផលក្នុងស្រុក (GDP) ជាតិនេះ មានតួនាទីជាមូលដ្ឋានក្នុងការជំរុញសេដ្ឋកិច្ចឥណ្ឌូណេស៊ី និងដើរតួនាទីក្នុងការបង្កើតការងារ និងកាត់បន្ថយអត្រាអត់ការងារធ្វើ។
ក្រសួងពាណិជ្ជកម្មកំពុងបន្តជំរុញការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈសសរស្តម្ភសំខាន់ៗចំនួនបី គឺការអភិវឌ្ឍផលិតផលនាំចេញ ក្រុមហ៊ុនអាជីវកម្ម និងទីផ្សារនាំចេញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





