ធនាគារកណ្តាលថៃកាត់បន្ថយអត្រាការប្រាក់មកនៅត្រឹម ២%
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ធនាគារកណ្តាលថៃ (BoT) បានកាត់បន្ថយអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនកាលពីថ្ងៃទី២៦ ខែកុម្ភៈ ចំពេលដែលរដ្ឋាភិបាលអំពាវនាវឱ្យមានការបន្ធូរបន្ថយបន្ថែមទៀតដើម្បីគាំទ្រដល់វិស័យសេដ្ឋកិច្ច និងការចុះខ្សោយប្រាក់បាតថៃ ដើម្បីជំរុញការនាំចេញ។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលបានបោះឆ្នោត ៦ ទល់ ១ ដើម្បីកាត់បន្ថយអត្រានៃការទិញវិញមកនៅត្រឹម ២% ដើម្បីដោះស្រាយហានិភ័យធ្លាក់ចុះកាន់តែខ្លាំងចំពោះវិស័យសេដ្ឋកិច្ច។
នៅថ្ងៃដដែលនោះ ធនាគារ BoT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងល្បឿនយឺតជាងការប៉ាន់ស្មានពីមុន ដោយសារវិស័យឧស្សាហកម្មត្រូវបានរងសម្ពាធដោយបញ្ហារចនាសម្ព័ន្ធ និងការប្រកួតប្រជែងពីផលិតផលបរទេស ក៏ដូចជាហានិភ័យខ្ពស់ពីគោលនយោបាយពាណិជ្ជកម្មនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗ បើទោះបីជាវិស័យសេដ្ឋកិច្ចត្រូវបានគាំទ្រដោយតម្រូវការក្នុងស្រុក និងទេសចរណ៍ក៏ដោយ។
សេចក្តីសម្រេចកាត់បន្ថយអត្រាការប្រាក់នេះបានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវកាលពីថ្ងៃទី២៥ ខែកុម្ភៈ ដោយគណៈរដ្ឋមន្ត្រីថៃសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ដើម្បីជួយធានាឱ្យអតិផរណាស្ថិតក្នុងរង្វង់គោលដៅពី ១ ទៅ ៣%។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បាននិយាយកាលពីសប្តាហ៍មុនផងដែរថា អត្រាការប្រាក់ទាប គឺជាតម្រូវការចាំបាច់ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ និងបង្កើនសមត្ថភាពរបស់អ្នកខ្ចីក្នុងការសងបំណុល។
ទិន្នន័យដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា សេដ្ឋកិច្ចបានកើនឡើងត្រឹមតែ ២,៥% ក្នុងឆ្នាំ២០០៤ ដែលទាបជាងការព្យាករចំនួន ២,៩%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





