ជប៉ុនផ្តល់អាទិភាពដល់ការគាំទ្រសម្រាប់សមាហរណកម្មអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសជប៉ុន លោក អ៊ីវ៉ាយ៉ា តាកេស៊ី (Iwaya Takeshi) បាននិយាយនៅក្នុងសារវីដេអូមួយរបស់លោកដែលផ្ញើទៅកាន់វេទិកាអនាគតអាស៊ានឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃទី២៥-២៦ ខែកុម្ភៈថា ប្រទេសជប៉ុនប្តេជ្ញាគាំទ្រសមាហរណកម្មអាស៊ាន និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។
លោកបាននិយាយថា នៅពេលដែលការបែកបាក់ និងជម្លោះនៅក្នុងសហគមន៍អន្តរជាតិកាន់តែអាក្រក់ទៅ ហើយបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរ តួនាទីរបស់អាស៊ានដែលជាគន្លឹះសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែមានសារៈសំខាន់សម្រាប់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូល។
ជាពិសេស ប្រទេសជប៉ុនចង់បង្កើតអនាគតដ៏រស់រវើករួមគ្នាមួយជាមួយអាស៊ាន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាការអភិវឌ្ឍបៃតង (GX) និងការផ្លាស់ប្តូរឌីជីថល (DX) ជាដើម។
លោកបាននិយាយបន្ថែមថា ប្រទេសជប៉ុនក៏នឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតក្រោមវេទិកាសហគមន៍ការបំភាយឧស្ម័នអាស៊ីសូន្យ (AZEC)។
អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការការពារសេរីភាព នីតិរដ្ឋ និងការគោរពភាពចម្រុះ បរិយាប័ន្ន និងការបើកចំហ ខណៈដែលសហគមន៍អន្តរជាតិកំពុងត្រូវបានរំខានយ៉ាងខ្លាំង។
ប្រទេសជប៉ុន គឺជាដៃគូខាងក្រៅដំបូងគេក្នុងចំណោមដៃគូខាងក្រៅរបស់អាស៊ានដែលបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។
លោកបាននិយាយថា ប្រទេសជប៉ុនត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងដែល AOIP ចែករំលែកគោលការណ៍ជាមូលដ្ឋាន ដែលរួមមានការបើកចំហ តម្លាភាព បរិយាប័ន្ន និងក្របខ័ណ្ឌផ្អែកលើច្បាប់ជាមួយនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងការបើកចំហ (FOIP)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





