ទីក្រុងហ្សាកាតាផ្តល់ការដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃដល់ប្រជាជន ១៥ក្រុម
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋាភិបាលទីក្រុងហ្សាកាតាបច្ចុប្បន្នកំពុងរៀបចំគោលនយោបាយសម្រាប់ការដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃសម្រាប់ប្រជាជន ១៥ក្រុមនៅក្នុងទីក្រុងនេះ ដែលជាផ្នែកមួយនៃកម្មវិធីរយៈពេល ១០០ថ្ងៃដែលដឹកនាំដោយលោកអភិបាល ប្រាម៉ូណូ អានុង (Pramono Anung) និងលោកអភិបាលរង រ៉ាណូ កាណូ (Rano Karno)។
ក្រុមប្រជាជនដែលមានសិទ្ធិទទួលបានការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនោះរួមមាន មន្ត្រីរាជការ និងនិវត្តជនរបស់រដ្ឋាភិបាលក្រុងហ្សាកាតា កម្មករជាប់កិច្ចសន្យាដែលផ្តល់ការងារដោយរដ្ឋាភិបាលទីក្រុង និស្សិត KJP បុគ្គលិកផ្នែកឯកជនមួយចំនួន ឬកម្មករដែលរកបានយ៉ាងហោចណាស់ប្រាក់ឈ្នួលអប្បបរមារបស់ទីក្រុង (UMP) ប្រជាជនកាន់អត្តសញ្ញាណប័ណ្ណពីកោះសេរីប៊ូ អ្នកទទួលបានជំនួយអង្ករដែលរស់នៅក្នុងទីក្រុងហ្សាកាតា បូហ្គោរ ដេប៉ូក តង់ហ្សេរ៉ាង និងបេកាស៊ី (ចាបូដេតាបេក) ក៏ដូចជាសមាជិកនៃយោធាឥណ្ឌូណេស៊ី (TNI) និងប៉ូលិសជាតិ (Polri)។
នៅពេលមុននេះ លោក ប្រាម៉ូណូ និងលោក រ៉ាណូ បានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមនៃការដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះនៅក្នុងអំឡុងពេលយុទ្ធនាការរបស់ពួកគេកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីកែលម្អលទ្ធភាពទទួលបានការដឹកជញ្ជូនសាធារណៈសម្រាប់ក្រុមប្រជាជនជាក់លាក់។
គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយទាំងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងហ្សាកាតា និងការចំណាយនៃការរស់នៅ។
លើសពីនេះទផត ទីក្រុងហ្សាកាតាក៏មានគម្រោងពង្រីកបណ្តាញដឹកជញ្ជូនសាធារណៈទៅកាន់តំបន់ជុំវិញផងដែរ ដែលវានឹងកែសម្រួលផ្លូវដើម្បីឱ្យអ្នករស់នៅក្នុងតំបន់ជុំវិញទីក្រុងអាចធ្វើដំណើរទៅ និងមកពីទីក្រុងហ្សាការតាជាមួយនឹងសេវាដឹកជញ្ជូនសាធារណៈ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





