ក្រសួងពាណិជ្ជកម្មបើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨ ឆ្នាំ២០២៥ នៅខេត្តសៀមរាបដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន
AKP សៀមរាប ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រសួងពាណិជ្ជកម្មបានបើក “ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨” ឆ្នាំ២០២៥ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានេះគឺមានសារៈសំខាន់ និងបានជះផលវិជ្ជមានផងដែរ ដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារួម។ ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែល មានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាព និងធម្មជាតិ ទៅកាន់សាធារណជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

បន្ថែមលើនេះ តាមរយៈព្រឹត្តិការណ៍នេះក៏នឹងផ្តល់នូវឱកាសក្នុងការធ្វើអន្តរកម្មរវាងអាជីវករ និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់អាជីវកម្មបោះដុំ អ្នកលក់រាយនានា ក្នុងការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តការផងដែរ។ ក្រសួងពាណិជ្ជកម្មក៏សូមលើកទឹកចិត្តបងប្អូនអាជីវករ ដែលបានចូលរួមក្នុងពិព័រណ៍នា ពេលនេះ សូមចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពី ថ្នាល Cambodiatrade.com ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដំបូងគេរបស់កម្ពុជា គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ផ្តល់ជូនដោយឥតគិតថ្លៃ ដែលនឹងជំរុញការបញ្ជាទិញ និងផ្គត់ផ្គង់ទំនិញកម្ពុជាតាមប្រព័ន្ធអនឡាញ អមជាមួយការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារជាដៃគូ និងមានការដឹកជញ្ជូនទៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។

ឯកឧត្តមបានបន្តថា ក្រសួងពាណិជ្ជកម្មបានបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសសកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសអនុវត្តយ៉ាងយកចិត្តទុកដាក់នូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល៕


ដោយ ឃុត សៅ





