កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ប្រទេសម៉ាឡេស៊ីបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើនៅទីក្រុងប៉េណាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារសាងគ្រីឡា រ៉ាសា សាយ៉ាង ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមមូលបទ “ការរួបរួមគ្នារបស់អាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព” ដោយផ្ដោតលើកិច្ចពិភាក្សាផ្លាស់ប្ដូរទស្សនៈស្ដីពីការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើតមាន ព្រមទាំងគិតគូរលើការពង្រឹងមជ្ឈភាពអាស៊ាន និងការធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្រោមយន្តការ ADMM និង ADMM-Plus។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានមានប្រសាសន៍ថា មូលបទដែលបានដាក់ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺដើម្បីបង្កើនឱ្យមានភាពល្អប្រសើរសម្រាប់ប្រជាជាតិតំបន់អាស៊ានរបស់យើង។ សាមគ្គីភាពរបស់អាស៊ានគឺមានសារៈសំខាន់បំផុត បញ្ហាសន្តិសុខ និងការប្រឈមនានាក្នុងតំបន់ គ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានទេ យើងត្រូវតែពង្រឹងសមត្ថភាពរួមរបស់យើងក្នុងការឆ្លើយតប ក៏ដូចជាការធ្វើការយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហានេះ ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ទៅថ្ងៃអនាគត។

ថ្លែងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុកមូលបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសម៉ាឡេស៊ីជាប្រធាន គឺបានបង្ហាញពីសេចក្ដីប្រាថ្នារួមរបស់យើង ក្នុងការពង្រឹងភាពស្អិតរមួត និងសាមគ្គីភាពរបស់អាស៊ាន ក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា យើងជួបជុំគ្នានៅទីនេះ ក្នុងខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ការកើនឡើងនូវភាពស្មុគស្មាញ នៃស្ថានភាពភូមិសាស្ត្រនយោបាយ ល្បឿននៃការរីកចម្រើននៃបច្ចេកវិទ្យា និងការកើនឡើងនៃការគំរាមកំហែងឆ្លងដែន ទាមទារឲ្យមានការឯកភាពគ្នា និងជាការឆ្លើយតបរួមគ្នា។ ភាពស្មុគស្មាញ និងហានិភ័យភូមិសាស្ដ្រនយោបាយនៅមិនទាន់ធូរស្បើយទេ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗ នៅក្នុងបរិបទនៃបញ្ហាដ៏លំបាកទាំងនេះ ការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ ទាក់ទងនឹងបច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើន ដូចជាបញ្ញាសិប្បនិម្មិតAI នៅតែជាបញ្ហាដែលទាមទារឲ្យមានការយកចិត្តទុកដាក់របស់យើង។

ឯកឧត្តមបានបន្តទៀតថា ក្នុងបរិបទនេះ អាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ ដោយបង្ហាញថា ការរួបរួម និងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែជាការគិតគូរប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់ សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាព។ ចាប់តាំងពីឆ្នាំ២០២២ ប្រទេសកម្ពុជាបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើង ក្នុងវិស័យសំខាន់ៗចំនួន៣ គឺកិច្ចសហប្រតិបត្តិការលើការឃុំគ្រងជំងឺរាតត្បាត ការពង្រឹងការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មថែរក្សាសន្តិភាព និងការជំរុញការសហការក្នុងផ្នែកអប់រំនៃវិស័យការពារជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្ដែងជំនឿជឿជាក់ថា គំនិតផ្ដួចផ្ដើមទាំងនេះនឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ថាប័នរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការលើកកម្ពស់មុខមាត់អាស៊ាន ក្នុងឆាកអន្តរជាតិ ជាពិសេសទាក់ទងនឹងការចូលរួមរបស់ស្ត្រីអាស៊ាន ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
ដោយ សំ សាម៉ន





