មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងលើកទិសដៅអនុវត្តបន្តសម្រេចឱ្យបានសមិទ្ធកម្មមួយប្រកបដោយប្រសិទ្ធភាព នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី វិទ្យុជាតិខេត្ត ទូរទស្សន៍ អ្នកកាសែត អ្នកយកព័ត៌មាន និងថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការទាំងអស់ចំណុះមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ឈាង វណ្ណៈ បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ផ្ដល់ព័ត៌មាន និងយកព័ត៌មានការលើកកម្ពស់សិទ្ធបញ្ចេញមតិ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបានក្នុងការឆ្លុះបញ្ជាំងពីតថភាពសង្គម និងគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ដោយមើលឃើញយ៉ាងច្បាស់អំពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតព័ត៌មាន និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីវិភាគអំពីលទ្ធភាពនៃធនធានធ្វើយ៉ាងណាសម្រេចឱ្យបាននូវអត្រាឆ្លើយតបសម្រេចឱ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។ ពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការចូលរួមផ្ដល់ព័ត៌មាន ដូចជាព័ត៌មានប្រយោល ព័ត៌មានទាន់ហេតុការណ៍ គ្រោះមហន្តរាយដែលកើតមានឡើងជាយថាហេតុ ព្រមទាំងជួយពួកគាត់រស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលក្រុមការងារយកព័ត៌មានខេត្តកំពង់ឆ្នាំង ខិតខំប្រឹងប្រែងបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួន រហូតទទួលបានលទ្ធផលល្អប្រសើរ។ ក្រុមការងារគ្រប់បណ្តាថ្នាក់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិករបស់ខ្លួន ការបញ្ចូលសមាជិកថ្មី និងការបណ្តុះបណ្តាលដើម្បីឈានទៅបង្កើនទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់រដ្ឋគឺ រក្សាចាស់ បង្កើនថ្មី ដើម្បីទុកលទ្ធភាពជូនសម្តេចធិបតីធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ដឹកនាំប្រទេសឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងនោះដែរ ដំណាក់កាលទី១ គឺការអភិវឌ្ឍធនធានមនុស្ស ដែលក្រសួងមានភារកិច្ច ពង្រឹងធនធានមនុស្សគ្រប់កម្រិត។ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈលើវិស័យព័ត៌មាន និងសោតទស្សន៍ បន្តផ្សព្វផ្សាយសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត បញ្ជូនព័ត៌មានពិតដល់ប្រជាពលរដ្ឋ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា៕

ដោយ បៃ ស៊ីថុន





