លោកជំទាវ ពុំ ចន្ទីនី ជំរុញសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបន្តយកចិត្តទុកដាក់បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជន អ្នកស្ម័គ្រចិត្តភូមិ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ជំរុញដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជន ក៏ដូចជាអ្នកស្ម័គ្រចិត្តភូមិ ដើម្បីរួមចំណែកក្នុងការអនុវត្តការងារមនុស្សធម៌នៅតាមមូលដ្ឋានកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ។ ការថ្លែងយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសលោកជំទាវអគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អាណត្តិទី៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវអនុប្រធាន សមាជិក-សមាជិកា ក្រុមការងារសាខាកាកបាទក្រហមក្រុង-ស្រុកទាំង៩ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម កម្ពុជាខេត្ត សិស្សានុសិស្សនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ទៀតថា ការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជន ក៏ដូចជាអ្នកស្ម័គ្រចិត្តភូមិ ជាការងារសំខាន់ក្នុងករណីចាំបាច់ណាមួយ ដើម្បីពួកគាត់ទទួលបានចំណេះដឹងជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបគ្រោះថ្នាក់ផ្សេងៗបានទាន់ពេលវេលា។ ជាក់ស្តែងខេត្តបន្ទាយមានជ័យ ដែលកន្លងទៅតែងតែជួបគ្រោះដោយសារគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដើម។

ក្នុងឱកាសនោះដែរ លោកជំទាវបានកោតសរសើរដល់ក្រុមការងារសាខាយុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ ដែលចូលរួមយ៉ាងសកម្មជាមួយនឹងការងារសង្គម ពិសេសជាមួយនឹងកាកបាទក្រហមកម្ពុជា ដែលជាការរួមចំណែកជាមួយការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយមិនខ្លាចនឿយហត់ មិនថាយប់ឬថ្ងៃ ដែរនេះគឺជាការលះបង់យ៉ាងធំធេងរបស់ក្មួយៗដែលជាយុវជនជាមួយកិច្ចការងារសង្គមជាតិនោះ។

ជាមួយគ្នានោះដែរ ឯកឧត្ដម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងនាមប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ឯកឧត្ដម ថ្លែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ អង្គការជាតិ-អន្តរជាតិនានា សប្បុរសជនទាំងក្នុង និងក្រៅខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ធ្វើឱ្យសាខាមានដំណើរការល្អទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្ដម អ៊ុំ រាត្រី ក៏បានកោតសរសើរផងចំពោះសមាជិក សមាជិកា ក្រុមកាកបាទក្រហមឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងអនុសាខាកាកបាទក្រហមក្រុង/ស្រុកទាំង៩ ដែលបានបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនដោយសេចក្តីក្លាហាន មិនរើសអើង និងមានឆន្ទៈគ្រប់ពេលវេលាក្នុងអាណ្តតិទី៥ កន្លងមកនេះ។

សូមបញ្ជាក់ថា ក្នុងឱកាសសន្និបាតនោះដែរ ក៏មានការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម អាណត្តិ ថ្មី ដោយសេចក្ដីជឿទុកចិត្ត និងមានការគាំទ្រពីសមាជិក សមាជិកា ពេញសិទ្ធទាំងអស់ បោះឆ្នោតជ្រើសរើស គាំទ្រ ឯកឧត្ដម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅអាណត្តិថ្មីផងដែរ។ គោលដៅយុទ្ធសាស្រ្តសម្រាប់អាណត្តិទី៦ ( ២០២៥ -២០៣០) របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមមានបន្ត និងពង្រឹងការអនុវត្តសកម្មភាពការងារស្របតាមផែនការយុទ្ធសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងធានានិរន្តរភាពប្រតិបត្តិការកម្មវិធីគម្រោងឧបត្ថម្ភដោយដៃគូស្របតាមលទ្ធភាព-សមត្ថភាពរបស់សាខា។ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងអភិវឌ្ឍចំណេះដឹង សមត្ថភាព ជំនាញរបស់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ស្របតាមតួនាទី និងភាពទទួលខុសត្រូវ លើកកម្ពស់ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុង និងក្រៅខេត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបទពិសោធន៍ល្អ ពង្រឹងសកម្មភាពកៀរគររកមូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌៕
ដោយ ឈុន សារ៉ាត





