ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យគណៈប្រតិភូស្ថានទូតម៉ាឡេស៊ី ដឹកនាំដោយឯកឧត្តម សាហារូឌីន អូន (Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែបន្តវិនិយោគ កសាង និងធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីបម្រើឱ្យគ្រប់វិស័យ ជាពិសេសការស្រោចស្រពលើផ្ទៃដីកសិកម្ម ព្រមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត ធានានូវសន្តិសុខទឹក ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ក្នុងជំនួបនោះ ឯកឧត្តម Shaharuddin Onn បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានជម្រាបជូនអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕



ដោយ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





